មេអង្គការសហប្រជាជាតិខ្វល់ខ្វាយក្នុងចិត្ត បន្ទាប់ពីអាម៉េរិកចូលចាប់មេដឹកនាំវេណេហ្ស៊ុយអេឡាដល់ក្នុងបន្ទប់ដេក
ហៀប ស៊ីថេត
06 មករា 2026 08:10 AM

អ.ស.ប៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក កាលពីថ្ងៃចន្ទទី៥ ខែមករា (ម៉ោងនៅអាម៉េរិក) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) បានបង្ហាញពីកង្វល់ក្នុងចិត្ត ជុំវិញអស្ថិរភាពកាន់តែខ្លាំងឡើងនៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីសហរដ្ឋអាម៉េរិក ចាប់ខ្លួនប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដល់បន្ទប់ដេក។ យ៉ាងណា រដ្ឋធានីវ៉ាស៊ីនតោន ប្រកែកថា អាម៉េរិកគ្មានគម្រោងកាន់កាប់ប្រទេសអាម៉េរិកឡាទីនមួយនេះទេ។

កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

លោក ហ្គូទែរ៉េស បានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍មួយផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖«ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើង ដែលអាចកើតមាននៃអស្ថិរភាពនៅក្នុងប្រទេស ផលប៉ះពាល់ដែលអាចកើតមាននៅក្នុងតំបន់ និងគំរូដែលវាអាចកំណត់សម្រាប់របៀបនៃទំនាក់ទំនងរវាង និងក្នុងចំណោមរដ្ឋនានាត្រូវបានធ្វើឡើង»។ លើសពីនេះ លោក ហ្គូទែរ៉េស បានអំពាវនាវឱ្យតួអង្គ វេណេហ្ស៊ុយអេឡាទាំងអស់ ចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងប្រជាធិបតេយ្យ។ លោកសង្កត់ធ្ងន់ថា៖«ខ្ញុំស្វាគមន៍ និងត្រៀមខ្លួនគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដែលមានគោលបំណងជួយដល់ប្រជាជនវេណេហ្ស៊ុយអេឡា ក្នុងការស្វែងរកផ្លូវសន្តិភាពឆ្ពោះទៅមុខ»។ ទន្ទឹមគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានសម្ដែងការព្រួយបារម្ភផងដែរ ចំពោះប្រតិបត្តិការយោធាដ៏ស្រួចស្រាវរបស់សហរដ្ឋអាម៉េរិក ដើម្បីចាប់ខ្លួនលោក ម៉ាឌូរ៉ូ គឺមិនគោរពច្បាប់អន្តរជាតិឡើយ ព្រោះធម្មនុញ្ញអង្គការសហប្រជាជាតិចែងថា៖«សមាជិកអង្គការសហប្រជាជាតិ គឺមិនត្រូវទទួលបានការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយនៃរដ្ឋណាមួយឡើយ ក្នុងទំនាក់ទំនងអន្តរជាតិរបស់ពួកគេនោះទេ»។

លោក អង់តូនីញ៉ូ ហ្គូទែរ៉េស 
លោក អង់តូនីញ៉ូ ហ្គូទែរ៉េស 

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ លោក ម៉ាយ វ៉ាល់ថ៍ (Mike Waltz) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខសហរដ្ឋអាម៉េរិកថា ៖«[..]ដូចដែលរដ្ឋមន្រ្តីក្រសួងការបរទេស​ លោក ម៉ាកូ រ៉ូប៊ីអូ បាននិយាយ មិនមានសង្រ្គាមប្រឆាំងនឹងប្រទេសវេណេហ្ស៊ុយអេឡា ឬប្រជាជនទេ។ យើងមិនបានកាន់កាប់ប្រទេសណាមួយទេ ខណៈលោកបានដាក់រឿងក្ដីរបស់សហរដ្ឋអាម៉េរិក ប្រឆាំងនឹង ម៉ាឌូរ៉ូ នៅក្រុមប្រឹក្សាសន្តិសុខ»។ លោកបន្ថែមថា៖«យើងនឹងមិនអនុញ្ញាតឱ្យអឌ្ឍគោលខាងលិច ត្រូវបានប្រើជាមូលដ្ឋាននៃប្រតិបត្តិការសម្រាប់សត្រូវរបស់ប្រទេសរបស់យើងទេ។ អ្នកមិនអាចបន្តមានទុនបម្រុងថាមពលដ៏ធំបំផុតនៅលើពិភពលោក ក្រោមការគ្រប់គ្រងដោយសត្រូវរបស់សហរដ្ឋអាម៉េរិក, ក្រោមការគ្រប់គ្រងរបស់មេដឹកនាំខុសច្បាប់ និងមិនផ្តល់ផលប្រយោជន៍ដល់ប្រជាជនវេណេហ្ស៊ុយអេឡានោះទេ»។

 លោក ម៉ាយ វ៉ាល់ថ៍ 
 លោក ម៉ាយ វ៉ាល់ថ៍ 

ទោះជាយ៉ាងនេះក្ដី លោក សាមុយអែល ម៉ុនកាដា (Samuel Moncada) ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសវេណេស៊ុយអេឡា បានចាត់ទុកប្រតិបត្តិការរបស់សហរដ្ឋអាម៉េរិក ដើម្បីចាប់ខ្លួនលោក ម៉ាឌូរ៉ូ ថាជាការវាយប្រហារអាវុធខុសច្បាប់ ដែលខ្វះយុត្តិកម្មផ្លូវច្បាប់ ខណៈរដ្ឋវេណេហ្ស៊ុយអេឡាមានសិទ្ធិអនុវត្តការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើដែនដីទាំងអស់របស់ខ្លួន។ គួរបញ្ជាក់ថា រុស្ស៊ី ចិន និងកូឡុំប៊ី បានថ្កោលទោសប្រតិបត្តិការយោធាអាម៉េរិកថា «ខុសច្បាប់» ទន្ទឹមនឹងបណ្តាប្រទេសជាច្រើនទៀត​ ហាក់បង្ហាញពីការមិនពេញចិត្តចំពោះអំពើចក្រពត្តិនិយមរបស់អាម៉េរិក លើប្រទេសវេណេហ្ស៊ុយអេឡា៕

លោក សាមុយអែល ម៉ុនកាដា
លោក សាមុយអែល ម៉ុនកាដា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត