រដ្ឋធានីប៉េកាំង៖ ក្រសួងការបរទេសចិន បានអះអាងនៅថ្ងៃចន្ទទី៥ ខែមករាថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ កំពុងត្រូវបានអនុវត្តជាបណ្តើរៗហើយ...។

អ្នកនាំពាក្យក្រសួងបរទេសចិន លោក លីន ជៀន (Lin Jian) បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយបញ្ជាក់ ចិនសង្ឃឹមថា ភាគីទាំង២[កម្ពុជា-ថៃ] នឹងធានាបាននូវបទឈប់បាញ់ទូលំទូលាយ និងយូរអង្វែង។ គេនៅចាំបានថា កម្ពុជា-ថៃ បានព្រមព្រៀងដោយខ្លួនឯងផ្ទាល់ ក្នុងការអនុវត្តបទឈប់បាញ់ កាលពីចុងខែធ្នូ ឆ្នាំ២០២៥ ដោយបញ្ចប់ការប៉ះទង្គិចគ្នាជាច្រើនសប្តាហ៍នៅតាមបណ្តោយព្រំដែន ដែលស្មើនឹងការប្រយុទ្ធគ្នាដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំរវាងប្រទេសជិតខាងទាំង២។

ជាងនេះទៅទៀត លោក លីន បានសង្កត់ធ្ងន់ថា៖«ចិននឹងបន្តអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលស្នើឡើងដោយប្រធានាធិបតី ស៊ី ជីនពីង។ តាមរយៈការដឹកនាំដែលបានបង្កើតឡើងក្នុងកិច្ចប្រជុំត្រីភាគីលើកដំបូងរវាងចិន កម្ពុជា និងថៃ យើងនឹងអនុវត្តវិធីសាស្ដ្រអាស៊ី ដើម្បីសម្រេចបាននូវបទឈប់បាញ់ប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជា និងថៃ»។ ទោះយ៉ាងណាក៏ដោយ គេមើលឃើញថា យោធាថៃ មិនបានអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញទេ ពីព្រោះថា ពេលនេះ យោធាថៃ នៅបន្តកាន់កាប់តំបន់មួយចំនួនរបស់កម្ពុជា ហើយថែមទាំងធ្វើសកម្មភាពដាក់ទូកុងទឺន័រ រាយបន្លាលួស និងកម្ទេចផ្ទះសម្បែងពលរដ្ឋកម្ពុជាទៀតផង៕


