អតីតបេក្ខភាពទូតអាម៉េរិកប្រចាំប្រទេសថៃ ប្រាប់ ត្រាំ ឱ្យរាជធានីបាងកកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្រ្គាម និងផ្តល់សំណង៣០០ពាន់លានដុល្លារដល់កម្ពុជា
ហៀប ស៊ីថេត
05 មករា 2026 03:00 PM

រាជធានីបាងកក៖ នៅថ្ងៃទី៥មករាnV លើបណ្តាញសង្គម X ផ្លូវការរបស់អតីតបេក្ខភាពឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេសថៃ លោក លីវូដ ភូ (Leewood Phu) បានលើកឡើងចំៗថា យោធាថៃ បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងប្រទេសកម្ពុជា បណ្ដាលឱ្យមានជនរងគ្រោះ និងជនស៊ីវិលស្លូតត្រង់ជាច្រើនត្រូវបានស្លាប់ និងខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ខណៈការប៉ាន់ស្មាននៃការខូចខាតបឋម គឺប្រហែល៣០០ពាន់លានដុល្លារអាម៉េរិក

នៅលើគណនីហ្វេស X ផ្លូវការរបស់លោក លីវូដ បានបង្ហោះសារច្បាស់ៗនៅថ្ងៃចន្ទទី៥ ខែមករានេះថា៖ យោធាថៃ បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងប្រទេសកម្ពុជា។ ហើយគេក៏នៅចាំបានផងដែរថា ក្នុងលិខិតទៅកាន់ប្រធានាធិបតីអាម៉េរិក លោក លីវូដ បញ្ជាក់ថា៖«ខ្ញុំសរសេរដោយក្ដីគោរពយ៉ាងជ្រាលជ្រៅបំផុត ដើម្បីចែករំលែកការសង្កេតលើការវិវត្តថ្មីៗនៅអាស៊ីអាគ្នេយ៍ និងដើម្បីលើកទឹកចិត្តដល់ការពិចារណាយ៉ាងស៊ីជម្រៅអំពីព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាដៃគូដ៏មានតម្លៃ ក្នុងការជំរុញផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក។ ជម្លោះព្រំដែនឆ្នាំ២០២៥ រវាងប្រទេសថៃ និងកម្ពុជា បានធ្វើឱ្យមានការចាប់អារម្មណ៍ឡើងវិញ លើស្ថិរភាពក្នុងតំបន់ និងភាពចាំបាច់នៃការថែរក្សាកិច្ចព្រមព្រៀងអន្តរជាតិ។ ខណៈដែលកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា[..]គឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង ប៉ុន្តែបទប្បញ្ញត្តិសំខាន់ៗនៅតែមិនទាន់ត្រូវបានបំពេញ»

ក្នុងលិខិតបន្ថែមថា៖«[..] ឥរិយាបថការទូតជាបន្តបន្ទាប់របស់ប្រទេសថៃ រួមទាំងការចូលរួមកាន់តែខ្លាំងឡើងជាមួយរដ្ឋធានីប៉េកាំង ជុំវិញដំណើរទស្សនកិច្ចកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រី ក្នុងពេលតែមួយ។ នេះគូសបញ្ជាក់បន្ថែមទៀត អំពីតម្រូវការសម្រាប់ការវាយតម្លៃដោយប្រុងប្រយ័ត្នអំពីទិសដៅយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួន។ ផ្ទុយទៅវិញ ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តប្រកបដោយស្ថាបនា ចំពោះបទដ្ឋានអន្តរជាតិ និងក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក»។

លិខិតរបស់លោក លីវូដ ទៅកាន់ប្រធានាធិបតី បង្ហាញបន្ថែមថា៖«នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជានិស្សិតបញ្ចប់ការសិក្សាពីសាលាយោធា West Point សហរដ្ឋអាម៉េរិក បានជំរុញកំណែទម្រង់អភិបាលកិច្ច គាំទ្រការអភិវឌ្ឍស្ថាប័នប្រជាធិបតេយ្យ និងបានសម្ដែងចំណាប់អារម្មណ៍យ៉ាងច្បាស់លាស់ និងស៊ីសង្វាក់គ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជា ការពង្រីកសក្តានុពលសេដ្ឋកិច្ច និងភាពជាអ្នកដឹកនាំនយោបាយ ដែលកំពុងវិវឌ្ឍ បង្ហាញពីឱកាសទាន់ពេលវេលា ដើម្បីពង្រឹងតម្លៃរួម និងពង្រឹងវត្តមានរបស់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ខ្ញុំសូមលើកទឹកចិត្តដោយការគោរពដល់[លោក ដូណាល់ ត្រាំ] ឱ្យបន្តការចូលរួមកាន់តែប្រសើរឡើងជាមួយប្រទេសកម្ពុជា ជាផ្នែកមួយនៃយុទ្ធសាស្ត្រតំបន់ដ៏ទូលំទូលាយរបស់យើង។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាពជាអ្នកដឹកនាំរបស់អ្នក និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អ្នក ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដ៏សេរី បើកចំហ និងស្ថិរភាព»។ គួរបញ្ជាក់ថា លោក លីវូដ គឺជាបេក្ខជន​សម្រាប់​តំណែង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាម៉េរិក​ប្រចាំ​ប្រទេស​ថៃ នា​ឆ្នាំ២០១៧៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត