បទបរិយាយ៖ តើអ្វីទៅ..នៅពីក្រោយការចាប់ខ្លួនមេដឹកនាំវេណេហ្ស៊ុយអេឡា ?
ហៀប ស៊ីថេត
05 មករា 2026 07:28 AM

បទបរិយាយ៖ ទើបនឹងបោះជំហានចូលឆ្នាំ២០២៦ មិនទាន់បានស្រួលបួលផង មហាអំណាចទី១លើលោក[សហរដ្ឋអាម៉េរិក] បានផ្តល់កាដូរជូរចត់មួយទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា ជុំវិញការបង់សំណាញ់ចាប់មេដឹកនាំប្រទេសអាម៉េរិកឡាទីនមួយនេះ យកទៅកាត់ទោសក្នុងប្រទេសរបស់ខ្លួន។ ក្រសែភ្នែកមនុស្សជាតិលើភពផែនដី កំពុងសម្លឹងមិនដាក់ទៅជ្រុងម្ខាងនៃពិភពលោក នោះគឺទ្វីបអាម៉េរិកខាងត្បូង។ ហេតុអ្វីអាម៉េរិក បើកប្រតិបត្តិការយោធាដ៏មុតស្រួច ចាប់ខ្លួនមេដឹកនាំវេណេហ្ស៊ុយអេឡា..? តើការចាប់ខ្លួននេះ មានន័យយ៉ាងណានៅក្នុងគំនិតមេដឹកនាំអន្តរជាតិ...?

ក្នុងរាត្រីដ៏ស្ងប់ស្ងាត់ នៅក្រោមមេឃនៃប្រទេសវេណេហ្ស៊ុយអេឡា សន្ធឹកនៃសំឡេងយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ បានលាន់ឮខ្ទរខ្ទារពេញអាកាសា នៃទ្វីបអាម៉េរិកខាងត្បូង។ គ្រាប់បែប និងមីស៊ីល បានខ្ជាក់ចេញពីពោះនៃយន្តហោះចម្បាំង ផ្ទុះចំកណ្តាលរដ្ឋធានីការ៉ាកាស និងតំបន់ជុំវិញ នោះគឺប្រតិបត្តិការផ្លេកបន្ទោររបស់សហរដ្ឋអាម៉េរិក ដើម្បីបង្វែរដានក្រុមមន្ត្រីយោធា ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចាប់ខ្លួន លោក នីកូឡាស ម៉ាឌូរ៉ូ ដែលអាម៉េរិកចោទថា ជាមេដឹកនាំផ្តាច់។ យោធាពិសេសអាម៉េរិក ចាយពេលត្រឹមមួយចម្អិនកំពិស បង់សំណាញ់ចាប់ត្រីធំ នោះគឺមេដឹកនាំវេណេហ្ស៊ុយអេឡា បានយ៉ាងស្រួល។ មានហេតុផលតែមួយគត់ ដែលអាម៉េរិកប្រើជាកូនសោបើកទ្វារផ្ទះវេណេហ្ស៊ុយអេឡាទាំងកណ្តាលយប់ ដើម្បីចាប់ខ្លួនលោក ម៉ាឌូរ៉ូ គឺការចោទលោក ម៉ាឌូរ៉ូ ជាមេខ្លោងនៃឧក្រិដ្ឋកម្មគ្រឿងញៀន ដែលបានដឹកជញ្ជូនយ៉ាងគំហុគចូលទៅក្នុងទឹកដីសហរដ្ឋអាម៉េរិក។

យ៉ាងណា នេះគ្រាន់ជាអំណះអំណាងមួយរបស់សហរដ្ឋអាម៉េរិកតែប៉ុណ្ណោះ ប៉ុន្តែបើយើងសិក្សា និងវិភាគឱ្យស៊ីជម្រៅ នោះនឹងបង្ហាញឱ្យឃើញបញ្ហាសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ជាស្នូលនៃអាថ៌កម្បាំងនៅក្នុងរបៀបវារៈនៃការវាយប្រហាររបស់សហរដ្ឋអាម៉េរិកលើប្រទេសវេណេហ្ស៊ុយអេឡា។ ការកាត់ផ្តាច់ទំនាក់ទំនងល្អរវាងចិន និងវេណេហ្ស៊ូអេឡា គឺជាកត្តាសំខាន់បំផុត ដើម្បីកាត់បន្ថយឥទ្ធិពលចិន ដែលកមពុងត្រួត្រាសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរបស់ខ្លួនក្នុងតំបន់អាម៉េរិកឡាទីន។ ជាការពិត វេណេហ្ស៊ុយអេឡា ជាប្រទេសមួយដែលមានដង្ហើមមាសខ្មៅ(ប្រេងឆៅ​) ធំ​ជាង​គេបំផុត​របស់​ពិភពលោក ព្រម​ទាំង​បរិមាណ​ដ៏ច្រើន​សន្ធឹកសន្ធាប់នៃ​ធ្យូងថ្ម រ៉ែដែក បាស៊ីត និង​មាស។

ដោយសារនៅក្រោមរបបដឹកនាំរបស់លោក ម៉ាឌូរ៉ូ ក្រុមហ៊ុនអាម៉េរិកបាត់បង់សិទ្ធិគ្រប់គ្រងស្ទើរតែទាំងស្រុង ហើយផ្តល់សិទ្ធិដល់ក្រុមហ៊ុនចិនធំៗឱ្យមកធ្វើការវិនិយោគ ដូច្នេះ អាម៉េរិកអាចនឹងប្រើយុទ្ធសាស្ត្រប៉ែងផ្តួលរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ដើម្បី ត្រួតត្រាវេណេហ្ស៊ុយអេឡា [ភាសាបច្ចេកទេសហៅថា អាណានិគមសម័យទំនើប Neocolonialism] ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុនថាមពលយក្សរបស់អាម៉េរិក ត្រឡប់ទៅគ្រប់គ្រងប្រភពធនធានដ៏មហាសាលនេះវិញ និងធានាសន្តិសុខថាមពលពិភពលោក ព្រោះថា ជាមធ្យម អាម៉េរិកប្រើប្រាស់ប្រេងប្រមាណជាង២០លានបារ៉ែលក្នុងមួយថ្ងៃ កាលពីឆ្នាំ២០២៥។

ការពិតមិនអាចប្រកែកបានមួយទៀត នោះគឺថា ចិន និងរុស្ស៊ី បាននិងកំពុងបញ្ជ្រាបឥទ្ធិពល និងសាបព្រោះមនោគមន៍វិជ្ជាកុម្មុយនីស្ដនិយមស្ទើរទូទាំងទ្វីបអាម៉េរិកខាងត្បូង។ ជាក់ស្តែង ក្នុងរយៈពេលថ្មីៗ មហាយក្សចិន បានច្បាមយកភូមិសាស្ត្រនយោបាយ យ៉ាងស្ងប់ស្ងាត់នៅជ្រុងម្ខាងនៃពិភពលោកមួយនេះ តាមរយៈការបង្កើនទំនាក់ទំនងការទូត ការវិនិយោគ និងផ្តល់ប្រាក់កម្ចីជាដើម។ ដូច្នេះ ការចាប់ខ្លួនមេដឹកនាំវេណេហ្ស៊ុយអេឡា គឺជាសារព្រមានទៅកាន់មេដឹកប្រទេសទាំង១២ នៅទ្វីបអាម៉េរិកខាងត្បូងថា «ទ្វីបមួយនេះ គឺជាទីធ្លាក្រោយផ្ទះរបស់បងធំអាម៉េរិក» ម្លោះហើយរាល់ការសាបព្រោះល្បែងភូមិសាស្ត្រនយោបាយ និងទទួលយកផ្នត់គំនិតរបស់ពួកកុម្មុយនីស្ដនិយម[ចិន-រុស្ស៊ី-អ៊ីរ៉ង] ត្រូវតែរារាំងជាដាច់ខាត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត