បើចង់រស់ឱ្យបានយូរកុំអង្គុយយូរម៉ោងពេក ព្រោះបង្កឱ្យរាងកាយមានបញ្ហាសុខភាព៦យ៉ាង
S
Sreyleak Yith
06 មករា 2026 02:30 AM

សុខភាព៖ ទម្លាប់ការ​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​ដែល​មិន​សូវ​​ធ្វើ​ចលនា​រាង​កាយ តួយ៉ាងដូចជាការអង្គុយយូរៗម៉ោងពេក ដែលអាចបង្កឱ្យមានហានិភ័យ​ដល់សុខភាព​៦យ៉ាង។ ថ្ងៃនេះ SBM News ​នឹងរៀបរាប់ពីបញ្ហាដែលបង្កមកពីការអង្គុយយូរៗ ឱ្យលោកអ្នកបានដឹង…។​

១.ជំងឺ​បេះដូង៖ ការ​អង្គុយ​យូរ​ក៏​មាន​ទំនាក់​ទំនង​ទៅ​នឹង​ជំងឺ​បេះដូង​។ ការសិក្សា​មួយ​បាន​រក​ឃើញ​ថា​ បុរស​ដែល​អង្គុយ​ធ្វើការ ឬមើល​ទូរទស្សន៍​យូរ​ជាង​២៣​ម៉ោង​ក្នុង​មួយ​សប្ដាហ៍ មាន​ឱកាស​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង​៦៤​ភាគរយ​ ខ្ពស់​ជាង​បុរស​ដែល​អង្គុយ​​ត្រឹម​១១​ម៉ោងក្នុង​មួយ​សប្ដាហ៍​។​ អ្នក​ជំនាញ​មួយ​ចំនួន​និយាយ​ថា ​មនុស្ស​ដែល​មិន​សូវ​បញ្ចេញ​សកម្មភាព​រាងកាយ និង​អង្គុយ​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ មាន​អត្រា​ប្រឈម​នឹង​កើត​ជំងឺ​គាំង​បេះដូង និង​គ្រោះ​ថ្នាក់​សរសៃឈាម​បេះដូង​ដល់​ទៅ​១៤៧​ភាគ​រយ។ ​២.​ជំងឺ​មហារីក​៖ ការ​សិក្សា​រក​ឃើញ​ថា​ គ្រោះ​ថ្នាក់​បង្ក​មកពី​ការ​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ​ អាច​នាំឱ្យ​​ប្រឈម​ខ្ពស់​កើត​ជំងឺ​មហារីក​សួត មហារីក​ស្បូន និង​មហារីក​ពោះ​វៀន​ធំ។ ហេតុ​ផល​នៅ​ពី​ក្រោយ​រឿង​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​។

៣.ជំងឺ​ទឹកនោម​ផ្អែម​៖ ការ​សិក្សា​បង្ហាញ​ថា ​ អ្នក​ចំណាយ​ពេល​ច្រើនម៉ោង​អង្គុយ​ក្នុង​មួយ​ថ្ងៃៗ អាចប្រឈមកើតជំងឺ​ទឹកនោម​ផ្អែមដល់ទៅ​១១២​ភាគ​រយ​។ ការសិក្សាបន្ថែមថា គ្រាន់​តែ​ដេក​ស្ងៀម​នៅ​លើ​គ្រែ​ត្រឹម​ចំនួន​ប្រាំ​ថ្ងៃ​ជាប់​គ្នា​ ក៏​អាច​នាំ​ឱ្យ​រាង​កាយ​​ប្រឈម​​បញ្ហា​ធន់​នឹង​អាំងស៊ុយលីន​ ដែល​ធ្វើ​ឱ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​លើសកម្រិត​ធម្មតា​។ ៤.ជើង និង​សាច់ដុំ៖ ​ចំណាយ​ពេល​អង្គុយ​យូរ​ម៉ោង​អាច​ឱ្យ​ខ្សោយ​ជើង និង​សាច់ដុំ​នៅ​ត្រង់​ជើង​មិន​​រឹង​មាំ​។ សាច់​ដុំ​ធំ​នៅ​ជើង មាន​សារសំខាន់​ក្នុង​ការ​ជួយ​រក្សា​លំនឹង និង​ដើរ។ បើ​សិន​ជា​សាច់​ដុំ​ជើង​ខ្សោយ​ អាច​ធ្វើ​ឱ្យ​ងាយ​នឹង​ដួល និង​អាចពិបាក​ហាត់​ប្រាណ​។ ៥.ត្រគាក​ និង​ខ្នង​៖ ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​អង្គុយ​យូរពេកនឹងធ្វើឱ្យត្រគាក និង​ខ្នង ​លែង​សូវ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ទ្រ​ដង​ខ្លួន​​។ លើសពីនេះ ការ​មាន​ទម្លាប់​អង្គុយ​យូរ​ៗរាល់ថ្ងៃ ​ធ្វើ​ឱ្យ​សាច់ដុំ​សន្លាក់នៅ​ត្រគាក​រួញ​ខ្លី ដែល​អាច​នាំ​ឱ្យ​មាន​បញ្ហា​ដល់​សន្លាកត្រង់​ត្រគាក​។ ដូច​គ្នា​ដែរ ការ​អង្គុយ​យូរ បូក​រួម​ឥរិយាបថ​អង្គុយ​មិន​ល្អ​ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ឆ្អឹង​ខ្នង​​ ដូច​ជា​មាន​សម្ពាធ​លើ​​ឆ្អឹង​ខ្នង និងបង្កឱ្យមានការ​ឈឺ​ចាប់​។

៦.ទម្ងន់​៖ ការ​ធ្វើ​ចលនា​បាន​ច្រើនជួយ​ឱ្យរាង​កាយ​​​បំបែក​ខ្លាញ់ និង​ជាតិស្ករ​។ បើ​សិន​ជា​លោកអ្នក​ចំណាយ​ពេល​អង្គុយ​ច្រើន​​ម៉ោង ការ​រំលាយ​អាហារ​មិន​មាន​ប្រសិទ្ធ​ភាព​ ដែលនាំ​ឱ្យ​ស្ករ និង​ខ្លាញ់​ទាំង​នោះ​ ស្តុក​នៅ​ក្នុង​រាង​កាយ​បង្កឱ្យ​ឡើង​ទម្ងន់​​។ ទោះ​បី​​ជាចូល​ចិត្ត​ហាត់​ប្រាណ​ក៏​ដោយ តែ​ការ​ចំណាយ​ពេល​វេលា​ច្រើន​ក្នុង​ការ​អង្គុយ​​ ក៏​នៅ​តែ​អាច​បង្ក​ជា​បញ្ហា​សុខ​ភាព​ដូច​ជា បញ្ហា​ធាត់​ជ្រុល សម្ពាធ​ឈាម​ខ្ពស់ ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ កម្រិត​កូលេស្តេរ៉ូល​ល្អ​ចុះ​ទាប និង​មាន​ភាព​ធន់​អាំងស៊ុយ​លីន​។ ក្នុងនោះ បើ​លោកអ្នកចូលចិត្តអង្គុយ​ច្រើនម៉ោង​ក្នុង​មួយ​ថ្ងៃៗការសិក្សា​ ​បានណែ​នាំ​ឱ្យ​ហាត់​ប្រាណ​កម្រិត​មធ្យមដូច​ជា ​ដើរ រត់ ជិះ​កង់ ឬ​ហែលទឹក​ឱ្យ​បាន​ចន្លោះ​ពី​៦០​ទៅ​៧៥​នាទី​ ក្នុង​មួយ​ថ្ងៃ​។ ក្នុងករណីបើ​អង្គុយ​ធ្វើ​ការ​ក្នុង​ការិយាល័យ​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ លោកអ្នក​​គួរ​ធ្វើរឿងមួយចំនួនដូចជា៖ ឡើង​ចុះ​ជណ្ដើរ​ជើងជា​ជាង​ប្រើ​ជណ្ដើរ​យន្ត, ដើរ​ទៅ​ជជែក​ជា​មួយ​អ្នក​រួម​ការងារជា​ជាង​ផ្ញើសារ,​ដើរ​ទៅ​ចាក់​ទឹក​ពិសារឱ្យ​បាន​ញឹក​ញាប់ និងពេលទទួលទានអាហារគួរទៅខាងក្រៅកុំបរិភោគក្នុងបន្ទប់៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត