លិចកប៉ាល់កម្សាន្តដឹកមហាសេដ្ឋីបច្ចេកវិទ្យាអង់គ្លេស មនុស្ស៦នាក់កំពុងបាត់ខ្លួន
ហៀប ស៊ីថេត
មួយឆ្នាំមុន

អ៊ីតាលី៖ ព្យុះកំបុតត្បូងមួយ បានធ្វើឱ្យលិចកប៉ាល់ដ៏ប្រណិតកាលពីថ្ងៃទី១៩សីហា។ នេះបើយោង​តាម​ឆ្មាំ​សមុទ្ទ​​អ៊ីតាលី​ មនុស្ស១៥នាក់​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ភ្លាមៗ ខណៈជនជាតិអាម៉េរិកពីរនាក់ និងជនជាតិអង់គ្លេស៤នាក់ ស្ថិតក្នុងចំណោមអ្នកបាត់ខ្លួន ដែលរួមមាន មហាសេដ្ឋីបច្ចេកវិទ្យាអង់គ្លេស ម៉ាយ លីនជ៍ (Mike Lynch) លោក ចូណាថាន ប៊្លូមម័រ (Jonathan Bloomer) ប្រធានក្រុមហ៊ុន Morgan Stanley International និង លោក គ្រីស ម៉ូវីឡូ (Chris Morvillo) ជាមេធាវីលេចធ្លោម្នាក់ ស្របពេលដែលក្រុមអ្នកមុជទឹកជំនាញកំពុងប្រតិបត្តិការស្វែងរក...។

កប៉ាល់កម្សាន្ត «Bayesian» ដែលមានទង់ជាតិអង់គ្លេសប្រវែង៥៦ម៉ែត្រ ត្រូវបានបោះយុថ្កាប្រហែល៧០០ម៉ែត្រពីកំពង់ផែ ដោយមាននាវិក១០នាក់ និងអ្នកដំណើរ ១២នាក់នៅលើនោះ នៅពេលដែលវាត្រូវបានវាយប្រហារដោយព្យុះកំបុតត្បូងតូចមួយ។ មនុស្ស១៥នាក់នៅលើកប៉ាល់ រួមទាំងម្តាយ និងទារកអាយុ១ឆ្នាំត្រូវបានស្រង់ទៅកាន់កន្លែងសុវត្ថិភាព និងសាកសពបុរសម្នាក់ត្រូវបានគេរកឃើញប៉ុន្មានម៉ោងក្រោយមក។ កាលពីថ្ងៃអង្គារទី២០សីហា ក្រុមអ្នកមុជទឹកនៅបន្តស្វែងរកមនុស្សចំនួនប្រាំមួយនាក់ដែលនៅតែបាត់ខ្លួន ដោយបានចាប់ផ្តើមមុជចុះក្នុងសមុទ្ទទៅកាន់បំណែកដែលនៅខាងក្រោមផ្ទៃទឹកប្រហែល៥០ម៉ែត្រ។ ដោយសារតែជម្រៅជ្រៅ ការជ្រមុជទឹកនីមួយៗត្រូវបានដាក់កម្រិតត្រឹម១២នាទី រួមទាំងពីរនាទីសម្រាប់ការចុះ និងឡើង។

អ្នកដំណើរនៅលើកប៉ាល់កម្សាន្តទាំងនោះ គឺជាភ្ញៀវរបស់លោក លីនជ៍ ដែលជាសហគ្រិនផ្នែកបច្ចេកវិទ្យា និងជាវិនិយោគិនដ៏ល្បីល្បាញម្នាក់។ លោកមានភរិយាឈ្មោះ អាន់ជេឡា បាការេស (Angela Bacares) ក្នុងចំណោមមនុស្ស១៥នាក់ដែលត្រូវបានជួយសង្គ្រោះ ប៉ុន្តែអ្នកជំនួញ និងកូនស្រីអាយុ១៨ឆ្នាំរបស់លោក ឈ្មោះ ហានណា បានបាត់ខ្លួន។ នេះបើយោងតាមប្រធានទីភ្នាក់ងារការពារជនស៊ីវិលនៅទីក្រុង Sicily ដែលនេះជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងសោកសៅជាខ្លាំង។ គួរបញ្ជាក់ថា កប៉ាល់កម្សាន្ត Bayesian ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនផលិតកប៉ាល់អ៊ីតាលី Perini Navi ក្នុងឆ្នាំ២០០៨ ដោយកប៉ាល់កម្សាន្តធ្វើឡើងពីអាលុយមីញ៉ូម ដែលថ្លៃជាងគេបំផុតនៅលើលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត