កសិដ្ឋានដាំបន្លែទំហំ២ហិកតា ផ្ដួចផ្ដើមដោយស្ត្រីទី១នៃកម្ពុជា ត្រៀមប្រមូលផលផ្គត់ផ្គង់ជនភៀសសឹក ក្នុងរង្វង់៣០-៤០តោន
S
Soriya Sou
04 មករា 2026 01:00 PM

ក្រុងសៀមរាប៖ បន្លែចម្រុះដាំនៅលើផ្ទៃដីប្រមាណ២ហិកតា ក្នុងខេត្តសៀមរាប ស្របតាមគំនិតផ្តួចផ្តើមរបស់ស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ត្រៀមប្រមូលផលយកទៅផ្គត់ផ្គង់ដល់បងប្អូនជនភៀសសឹក នាប៉ុន្មានថ្ងៃខាងមុខទៀត។ នេះបើតាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  

កសិដ្ឋានដាំបន្លែទំហំ២ហិកតាខាងលើ ត្រូវបានរៀបចំឡើងដោយក្រុមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប ក្រោមកិច្ចសហការគាំទ្របច្ចេកទេស និងសម្របសម្រួលដោយក្រសួងកសិកម្ម និងមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលស្រុកបាគង ស្របតាមគំនិតផ្តួចផ្តើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា គម្រោងផលិតកម្មបន្លែសម្រាប់យកទៅផ្គត់ផ្គង់ និងគាំទ្រដល់បងប្អូននៅតាមជំរំជនភៀសសឹក មានរយៈពេល៣ខែ និងផ្តោតលើការធ្វើផលិតកម្មប្រភេទបន្លែដែលឆាប់ឱ្យផល ដោយគ្រោងដាំ និងប្រមូលផលវិលជុំរៀងរាល់៣ថ្ងៃម្ដង។ យ៉ាងណា ការប្រមូលផលជុំទី១ នឹងចាប់ផ្តើមពីសប្តាហ៍ទី២ នៃខែមករាឆ្នាំ២០២៦នេះតទៅ ខណៈបរិមាណផលសរុបត្រូវបានរំពឹងទុកថា នឹងទទួលបានក្នុងរង្វង់ពី៣០-៤០តោនបន្លែចម្រុះ ក្នុងមួយខែ។

<br />


បើតាម លោក ឃឹម ហ្វីណង់ ក្នុងដំណើរផលិតកម្មបន្លែនេះ ក្រសួងកសិកម្ម បានចូលរួមរៀបចំដី ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ បំពាក់ដោយម៉ូទ័រសូឡា ពូជបន្លែ ជីថ្នាំកសិកម្ម និងការគាំទ្រខាងផ្នែកបច្ចេកទេសពីសំណាក់មន្ត្រីកសិកម្មឃុំ និងមន្ត្រីជំនាញជាប្រចាំ។ ជាមួយគ្នា ក៏មានកម្លាំងស្ម័គ្រចិត្តចូលរួមជាពលកម្មពីសំណាក់ជនភៀសសឹក ប្រជាការពារ និងក្រុមកាយឫទ្ធិនារីផងដែរ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៥ បានបំផុសគំនិតដល់ក្រុមកាយឫទ្ធិនារីកម្ពុជាទូទាំងប្រទេស ចូលរួមដាំបន្លែនៅតាមសាលារៀន ឬដីសហគមន៍​ ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹក ដោយលោកជំទាវបណ្ឌិត ចាត់ទុកសកម្មភាពនេះ ជាការចូលរួមលើកទឹកចិត្ត និងជាកម្លាំងខ្មែរជួយខ្មែរ ក្នុងពេលប្រជាពលរដ្ឋរាប់សិបម៉ឺននាក់កំពុងរត់គេចចេញពីសង្គ្រាម និងដើម្បីជួយគាំទ្រដល់ការផ្គត់ផ្គង់ស្បៀងឱ្យបានជាប់ជាប្រចាំផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត