
រាជធានីភ្នំពេញ៖ ស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ រួមគ្នាលើកកម្ពស់វប្បធម៌សន្តិភាព ហើយត្រូវចេះគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ជៀសវាងឱ្យបាននូវអំពើហិង្សា…។

ស្ត្រីទី១នៃកម្ពុជា អំពាវនាវដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដើរ «ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា» ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ មានអ្នកចូលរួមប្រមាណ១៧០០នាក់ ចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ នៅព្រឹកថ្ងៃទី១២មីនានេះ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា រាល់ជំហានដែលដើររួមគ្នាដើម្បីសន្តិភាពយូរអង្វែង នាថ្ងៃនេះ ជាជំហានដែលនិយាយថា យើងជ្រើសរើសសន្តិភាពជំនួសឱ្យអំពើហិង្សា, សាមគ្គីភាពជំនួសឱ្យការបែកបាក់, ក្ដីសង្ឃឹមជំនួសឱ្យការភ័យខ្លាច ហើយជាជំហានដែលនិយាយថា យើងមិនទុកឱ្យស្ត្រី កុមារី និងគ្រួសារណាម្នាក់ ឈរតែម្នាក់ឯងនៅពេលលំបាកឡើយ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍បន្តថា សម្រាប់ម្តាយម្នាក់ សន្តិភាពគឺនៅពេលដែលម្តាយឱបកូនដោយគ្មានការភ័យខ្លាច គ្មានការរត់ចាកចេញពីលំនៅឋាន ព្រោះថា មានតែលំនៅឋាននេះហើយដែលជាទីសុខសាន្តសម្រាប់យើងទាំងអស់គ្នា។ សម្រាប់ក្មេងស្រីម្នាក់វិញ សន្តិភាព គឺជាការជឿជាក់ក្នុងការអភិវឌ្ឍខ្លួន ការចូលរួមដោយគ្មានការរើសអើង ហើយជាការទទួលបាននូវការផ្ដល់កតិ្តយសប្រកបដោយក្ដីសង្ឃឹម។ ដោយឡែក សម្រាប់គ្រួសារ សន្តិសុខ គឺជាបរិយាកាសប្រកបដោយភាពសុខុដុមរមនា ការជួយគាំទ្រគ្នាទៅវិញទៅមក និងស្ថិរភាព ភាពដែលអនុញ្ញាតឱ្យកូនៗរីកលូតលាស់ទៅជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ ដូច្នេះ ដើម្បីឱ្យគ្រួសារជួបជុំគ្នាដោយភាពសុខដុម គ្មានភាពភ័យខ្លាច គ្មានការរើសអើង លោកជំទាវបណ្ឌិតបានអំពាវនាវឱ្យជនរួមជាតិ បន្តរួមគ្នាលើកកម្ពស់វប្បធម៌សន្តិភាព, អហិង្សា, ការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក, និងដោយសេចក្ដីថ្លៃថ្នូរ៕





