
រាជធានីភ្នំពេញ៖ ផ្តើមចេញពីការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យប្រជាជនសាមគ្គីគ្នា ក្នុងពេលដែលប្រទេសកំពុងមានសង្រ្គាមឈ្លានពានពីចោរខ្មាំងថៃ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា បានបង្ហាញនូវគំរូវីរភាពយ៉ាងសកម្មលើកិច្ចការងារសង្គម ដើម្បីជំរុញ និងបំផុសស្មារតីរួបរួមដល់ពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ឱ្យមានសាមគ្គីភាពក្នុងនាមជាកម្លាំងជួរក្រោយ គាំទ្រដល់កម្លាំងជួរមុខដែលកំពុងបំពេញបេសកកម្មការពារទឹកដី...។

វត្តមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានគេមើលឃើញស្ទើរតែគ្រប់សកម្មភាព នៅជាមួយប្រជាពលរដ្ឋជាប់ជានិច្ចទាំងការលើកទឹកចិត្ត ការរៀបចំស្បៀងផ្គត់ផ្គង់បងប្អូនជនភៀសសឹក វីរកងទ័ពនៅសមរភូមិមុខ និងការបំផុសគំនិតឱ្យមានការដាំដំណាំ បន្លែបង្ការ ជាការឆ្លើយតបទាន់ពេលវេលា និងរក្សាបាននូវសន្តិសុខស្បៀង។ ក្នុងនាមជាភរិយានាយករដ្ឋមន្រ្តី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មិនបាននៅស្ងៀមទេ ក្នុងពេលប្រទេសកំពុងមានទុក្ខ ចាប់តាំងពីថ្ងៃដែលភាគីថៃផ្ដើមការបាញ់ប្រហារសាជាថ្មីមកលើកម្ពុជា កាលពីថ្ងៃទី៧ធ្នូ លោកជំទាវបណ្ឌិត បានកៀរគរ និងចូលរួមដឹកនាំយុវជនកាយឫទ្ធិនារីកម្ពុជាដោយផ្ទាល់ រៀបចំស្បៀងអាហារផ្គត់ផ្គង់វីរកងទ័ពជួរមុខ និងជនភៀសសឹករងគ្រោះដោយសារយោធាថៃឈ្លានពាន។

កាលពីថ្ងៃទី១៥ធ្នូកន្លងទៅ លោកជំទាវបានបំផុសគំនិតដល់ក្រុមកាយឫទ្ធិនារីកម្ពុជាទូទាំងប្រទេស រួមគ្នាដាំបន្លែនៅតាមសាលារៀន ឬដីសហគមន៍ ដើម្បីផ្គត់ផ្គង់ដល់ដល់ជនភៀសសឹក ដែលកំពុងគេចចេញពីសង្គ្រាមថៃឈ្លានពាន ហើយកំពុងជួបប្រទះនូវបញ្ហាខ្វះខាតស្បៀងអាហារ ដែលសូម្បីតែជនភៀសសឹកខ្លួនឯងផ្ទាល់ ក៏បាននិងកំពុងនាំគ្នាដាំបន្លែ តាមអនុសាសន៍ណែនាំរបស់ស្ត្រីទី១នៃកម្ពុជាដែរ។ សង្រ្គាមឈ្លានពានរបស់ថៃមកលើកម្ពុជាលើកនេះ វីរកងទ័ព និងពលរដ្ឋស៊ីវិលជាច្រើនបានពលី និងរងរបួស ខណៈជនភៀសសឹកបានកើនឡើងយ៉ាងគំហុកដល់ទៅជាងកន្លះលាននាក់ គិតត្រឹមថ្ងៃទី២៣ធ្នូនេះ ធ្វើឱ្យតម្រូវការនៃការផ្គត់ផ្គង់ ក៏មានចំនួនច្រើនទៅតាមស្ថានភាពជាក់ស្តែងដែរ។ យ៉ាងណា ការរួមសាមគ្គីគ្នារវាងរាជរដ្ឋាភិបាល និងប្រជាជនខ្មែរនៅទូទាំងប្រទេស ធ្វើឱ្យការផ្គត់ផ្គង់ស្បៀងដល់វីរកងទ័ព និងជនភៀសសឹក មិនជួបបញ្ហានោះឡើយ។

ងាកមកមើលសកម្មភាពលោកជំទាវបណ្ឌិតឯណេះវិញ កំលុងពេលស្វាមីកំពុងជាប់ដៃលើការដឹកនាំបញ្ជា និងស្វែងរកដំណោះស្រាយ ដើម្បីរកសន្តិភាពជូនប្រទេសកម្ពុជាវិញ លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមសម្ដែងពីមរណទុក្ខក្នុងពិធីបុណ្យសពរបស់វីរងកងទ័ពដែលបានពលីនៅសមរភូមិមុខ និងបានបន្តចុះសួរសុខទុក្ខគ្រួសារសាច់ញាតិកងទ័ពឯទៀតដែលរងរបួស ដើម្បីលើកទឹកចិត្ត និងផ្ដល់ជំនួយចាំបាច់មួយចំនួនដល់ពួកគាត់ផងដែរ។ យោធាថៃ បានបន្តឈ្លានពានកម្ពុជាមិនព្រមឈប់ តាមរយៈការរកលេសចោទប្រកាន់កម្ពុជាទាំងបំពាន និងមានហេតុផលមិនចេះអស់ នោះក៏ ដោយសារខ្មោរខ្មាំងថៃឈ្លានពាន មើលឃើញកម្ពុជាជាប្រទេសតូចទន់ខ្សោយជាខ្លួន។ ហេតុផលនេះហើយ ទើបលោកជំទាវបណ្ឌិត ដាស់តឿនកូនខ្មែរគ្រប់រូបត្រូវចងចាំការឈឺចាប់មួយនេះ ហើយបង្វែរការឈឺចាប់ទៅជាខិតខំរៀនសូត្រឱ្យខ្លាំង ដើម្បីរួមគ្នាជួយកសាងប្រទេសឱ្យកាន់តែមានភាពរីកចម្រើន ទើបប្រទេសក្បែរខាងលែងហ៊ានមើលងាយ។

យ៉ាងណា ជំនឿសាសនា នៅតែសំខាន់សម្រាប់លោកជំទាវបណ្ឌិត ក្នុងនាមជាពលរដ្ឋខ្មែរមួយរូបគោរពព្រះពុទ្ធសាសនាជាគោល ជាពិសេស ក្នុងពេលប្រទេសកំពុងជួបទុក្ខបែបនេះ។ កាលពីពេលថ្មីៗកន្លងទៅ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត សមាធិ និងសម្ដែងធម្មទេសនា «ដើម្បីសន្តិភាព» ដោយមានព្រះសង្ឃជាង១០០អង្គ និមន្តសូត្រធម៌នាំសេចក្ដីសុខចម្រើន និងសន្តិភាពដល់ប្រទេសកម្ពុជា។ ជាមួយគ្នា លោកជំទាវ ក៏បានបួងសួងឱ្យអំណាចផលបុណ្យដែលលោកជំទាវបានសាង ជួយឱ្យវីរកងទ័ពទាំងអស់ និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសមានសុខសុវត្ថិភាព ហើយកម្ពុជានឹងឆាប់បានសុខសន្តិភាពមកវិញ។ ភាពសាមញ្ញ និងការយកចិត្តទុកដាក់មិនមើលនឹងភ្នែកលើបញ្ហាជាតិ និងសុខទុកប្រជាពលរដ្ឋ មិនប្រែប្រួលឡើយ ទោះបីបច្ចុប្បន្នលោកជំទាវបណ្ឌិត មានងារជាស្ត្រីទី១នៃកម្ពុជាទៅហើយក្ដី ក៏ទឹកចិត្តដ៏ប្រពៃនេះមិនផ្លាស់ប្ដូរដែរ រហូតទទួលបានការកោតសរសើរយ៉ាងខ្លាំងពីពលរដ្ឋខ្មែរទូទាំងប្រទេស៕





