
ក្រុងកំពង់ឆ្នាំង៖ ស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានក្ដីរីករាយឥតឧបមា ពេលឃើញប្រជាពលរដ្ឋសាមគ្គីគ្នាដាំបន្លែក្នុងសហគមន៍។ លោកជំទាវបណ្ឌិត សង្ឃឹមថា ចលនានេះនឹងបន្តជារៀងរហូត ខណៈផលិតផលសហគមន៍ដែលត្រូវដាក់បញ្ចូលក្នុងអាហារ គឺជាតម្រូវការចម្បងរបស់មនុស្ស…។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត លើកឡើងដូច្នេះ ក្នុងដំណើរទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥កុម្ភៈ ឆ្នាំ២០២៦។ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា កុមារ គឺជាទំពាំងស្នងឫស្សី ជាអនាគតរបស់ប្រទេសជាតិ នៅពេលដែលកុមារទទួលបានការចិញ្ចឹមបីបាច់បានល្អ និងទទួលបានការសិក្សាជ្រៅជ្រះ ប្រទេសជាតិ ក៏នឹងមានធនធានមនុស្សច្រើន កម្លាំងចលករសង្គមប្រកបដោយគុណភាព ដើម្បីចូលរួមកសាងប្រទេសជាតិឱ្យមានភាពរឹងមាំ និងរីកចម្រើន។

ទន្ទឹមនោះ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន អង្គការដៃគូនានា និងបងប្អូនប្រជាពលរដ្ឋ ដែលបានរួមគ្នាដាំបន្លែបង្ការក្នុងសហគមន៍នៅតាមសាលារៀន និងប្រើប្រាស់ផលិតផលរបស់សហគមន៍។ លោកជំទាវសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមគាំទ្រ និងសង្ឃឹមមុតមាំ ថា ចលនានេះ នឹងបន្តជារៀងរហូត និងកាន់តែរីកសុះសាយបន្ថែមទៀត ដើម្បីគាំទ្រជីវភាពកសិករ ផ្សារភ្ជាប់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងបណ្ដុះស្មារតីពង្រឹងសហគមន៍ឱ្យពឹងផ្អែកលើខ្លួនឯង»។

ការរួបរួមដាំបន្លែនៅតាមសាលារៀន ឬដីសហគមន៍ ដែលជាការបំផុសគំនិតដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មិនត្រឹមតែជួយគាំទ្រជីវភាពកសិករក្នុងមូលដ្ឋាន និងជាការផ្ដល់អាហាររូបត្ថម្ភល្អៗដល់កុមារទេ តែវាក៏ជាចំណែកមួយជួយផ្គត់ផ្គង់ដល់វីរកងទ័ព ដែលបាននិងកំពុងឈរជើងនៅសមរភូមិមុខ ការពារទឹកដីកម្ពុជាពីការឈ្លានពានរបស់យោធាថៃ និងពលរដ្ឋភៀសសឹកជាច្រើនម៉ឺននាក់ទៀត ដែលបន្តស្នាក់នៅមណ្ឌលសុវត្ថិភាព។ គ្មាននរណាអាចដឹងទេថា បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នឹងបញ្ចប់នៅពេលណា? ព្រោះថៃមិនព្រមចូលតុចរចារលើការចុះវាស់វែងកំណត់ការបោះបង្គោលព្រំដែនបណ្តោះអាសន្ន ដូច្នេះ ពលរដ្ឋគួរនាំគ្នាបន្តចូលរួមជាមួយរាជរដ្ឋាភិបាល តាមសកម្មភាពខាងលើ។ ការរួមគ្នាដាំបន្លែបង្ការដោយខ្លួនឯង ជារឿងសំខាន់ដែលគួរធ្វើ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ កាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង និងថែមទាំងអាចនាំយកទៅលក់នៅលើទីផ្សារក្នុងភូមិ-ឃុំ-ស្រុកបានថែមទៀតផង៕






