ចិន រុស្ស៊ី និងអឺរ៉ុប បញ្ចេញប្រតិកម្មយ៉ាងក្ដៅគគុក ក្រោយអាម៉េរិកចាប់ខ្លួនប្រធានាធិបតីវេណេហ្ស៊ុយអេឡា
N
Nary Vann
04 មករា 2026 02:30 AM

រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ដែលមានឈ្មោះថា «Operation Absolute Resolve» កាលពីព្រឹកព្រលឹមថ្ងៃទី៣ខែមករាកន្លងទៅ ដោយបានប្រើប្រាស់កងកម្លាំងពិសេស Delta Force វាយឆ្មក់ចូលចាប់ខ្លួនប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយា...

លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយា  
លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយា  

បច្ចុប្បន្ន លោក ម៉ាឌូរ៉ូ ត្រូវបានបញ្ជូនទៅដល់ទីក្រុងញូវយ៉កហើយ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនករណីនៅតុលាការសហព័ន្ធអាម៉េរិក រួមទាំងបទចោទពីភេរវកម្មគ្រឿងញៀន និងការលួចបន្លំសន្លឹកឆ្នោត។ ថ្លែងចេញពីវិមាន Mar-a-Lago លោក ត្រាំ បានសង្កត់ធ្ងន់ថា៖«យើងនឹងគ្រប់គ្រងប្រទេសនេះ [វេណេហ្ស៊ុយអេឡា] រហូតដល់ពេលដែលយើងអាចធ្វើការផ្ទេរអំណាចមួយប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវ»។ លោកបន្ថែមថា អាម៉េរិកមិនចង់ប្រថុយឱ្យនរណាម្នាក់ផ្សេងទៀតចូលមកកាន់កាប់ ហើយធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅរកភាពដុនដាបដូចកាលពីច្រើនឆ្នាំមុនឡើយ។ លើសពីនេះ លោកថែមទាំងបានលើកឡើងថា ការចំណាយលើការគ្រប់គ្រងនេះ នឹងត្រូវបានទូទាត់សងវិញ តាមរយៈចំណូលពីវិស័យប្រេងរបស់វេណេហ្ស៊ុយអេឡា។ 

សកម្មភាពនេះ បានបង្កឱ្យមានប្រតិកម្មយ៉ាងក្ដៅគគុកពីបណ្តាមហាអំណាចធំៗ ជុំវិញពិភពលោក។ ប្រទេសចិន បានសម្ដែងភាពតក់ស្លុតជាខ្លាំង និងថ្កោលទោសអាម៉េរិកថាបានប្រើប្រាស់កម្លាំងបាយរំលោភលើអធិបតេយ្យភាពរដ្ឋ និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ខណៈរុស្ស៊ីចាត់ទុកទង្វើនេះថា ជាអំពើឈ្លានពានដោយអាវុធ និងបានទាមទារឱ្យមានការដោះលែងលោក ម៉ាឌូរ៉ូ ជាបន្ទាន់។ ដោយឡែក សហភាពអឺរ៉ុប (EU) តាមរយៈលោកស្រី កាចា ខាលឡាស Kaja Kallas បានបង្ហាញជំហរប្រុងប្រយ័ត្នដោយអំពាវនាវឱ្យមានការអត់ធ្មត់ និងការគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ទោះបីជាបណ្តាប្រទេសមួយចំនួនដូចជា បារាំង និងអេស្ប៉ាញ បានរិះគន់ថា ការប្រើកម្លាំងបាយ គឺជាការរំលោភលើគោលការណ៍អន្តរជាតិក៏ដោយ។

យ៉ាងណា ស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡាផ្ទាល់ បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ និងការបែកបាក់គ្នាយ៉ាងខ្លាំង។ អនុប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោកស្រី ឌែលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodríguez) បានថ្កោលទោសការចាប់ខ្លួននេះថា ជាការចាប់ជម្រិត និងទាមទារឱ្យអាម៉េរិកដោះលែងប្រធានាធិបតីរបស់ខ្លួនវិញ ជាបន្ទាន់។ នៅតាមដងផ្លូវក្នុងរដ្ឋធានីការ៉ាកាស សកម្មជនគាំទ្រលោក ម៉ាឌូរ៉ូ បានចេញមកតវ៉ាប្រឆាំងនឹងអ្វីដែលពួកគេហៅថា ជាអំពើចក្រពត្តិនិយម ខណៈមេដឹកនាំបក្សប្រឆាំង លោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ (María Corina Machado) បានប្រកាសអបអរសាទរ ដោយលើកឡើងថា «ម៉ោងនៃសេរីភាពបានមកដល់ហើយ»។ យ៉ាងណាមិញ លោក ត្រាំ ហាក់ដូចជាមានការស្ទាក់ស្ទើរក្នុងការប្រគល់អំណាចឱ្យបក្សប្រឆាំងភ្លាមៗ ដោយលោកបានលើកឡើងថា លោកស្រី ម៉ាឆាដូ អាចនឹងខ្វះការគាំទ្រគ្រប់គ្រាន់ ដើម្បីដឹកនាំប្រទេសក្នុងស្ថានភាពនេះ ដែលចំណុចនេះ បានបង្កើតឱ្យមានភាពមិនច្បាស់លាស់កាន់តែខ្លាំង អំពីអនាគតនយោបាយរបស់វេណេហ្ស៊ុយអេឡា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត