រដ្ឋធានីកៀវ៖ កាលពីថ្ងៃសុក្រទី២ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានស្នើតែងតាំងឧបនាយករដ្ឋមន្ត្រីទីមួយ លោក ម៉ៃខៃឡូ ហ្វេដូរ៉ូហ្វ (Mykhailo Fedorov) មានវ័យទើប៣៥ឆ្នាំ ឱ្យឡើងជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់អ៊ុយក្រែន ព្រោះថា លោកមានសមត្ថភាពក្នុងការអភិវឌ្ឍយន្តហោះគ្មានមនុស្សបើក (ឬត្រូន) និងឌីជីថលភាវូបនីយកម្ម ដែលចាំបាច់សម្រាប់ការពារប្រទេស ស្របពេលសង្គ្រាមជាមួយរុស្ស៊ីហាក់រកទីបញ្ចប់មិនទាន់ឃើញ។

លោក ហ្សេឡេនស្គី បានអះអាងថា ៖«លោក ហ្វេដូរ៉ូហ្វ បានចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងគំនិតផ្តួចផ្តើមនៃយន្តហោះគ្មានមនុស្សបើក ហើយធ្វើការយ៉ាងមានប្រសិទ្ធភាពលើឌីជីថលភាវូបនីយកម្មនៃសេវាកម្មរដ្ឋ និងដំណើរការនានា»។ លោក ហ្សេឡេនស្គី បានបន្ថែមថា ៖«រួមគ្នាជាមួយបុគ្គលិកយោធា បញ្ជាការយោធា ក្រុមហ៊ុនផលិតអាវុធជាតិ និងដៃគូរបស់អ៊ុយក្រែន យើងត្រូវអនុវត្តការផ្លាស់ប្ដូរនៅក្នុងវិស័យការពារជាតិ ដែលនឹងជួយយ៉ាងពិតប្រាកដ»។

គួរជម្រាបថា លោក ហ្វេដូរ៉ូហ្វ ក៏បានបម្រើការជារដ្ឋមន្ត្រីនៃការផ្លាស់ប្ដូរភាវូបនីយកម្មផងដែរ ហើយការតែងតាំងរបស់លោកត្រូវបានអនុម័តដោយសភា។ សូមបញ្ជាក់ថា លោក ហ្សេឡេនស្គី បានស្នើតែងតាំងឧបនាយករដ្ឋមន្ត្រីទីមួយ លោក ម៉ៃខៃឡូ ហ្វេដូរ៉ូហ្វ ជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់អ៊ុយក្រែននេះ គឺបង្ហាញពីជំហរកាន់តែរឹងមាំរបស់រដ្ឋធានីកៀវ ដើម្បីទប់ស្កាត់ឥទ្ធិពលឈ្លានពានរបស់រុស្ស៊ី ខណៈតម្រុយនៃពន្លឺសន្តិភាពរវាងប្រទេសជម្ល៉ោះ២ ហាក់គ្មានស្រមោល បើទោះបីជាមានការលូកដៃពីសំណាក់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក៏ដោយ៕

