រដ្ឋធានីកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានចេញមុខបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់រុស្ស៊ី ដែលថា អ៊ុយក្រែនបានប្រើប្រាស់ដ្រូនរយៈចម្ងាយឆ្ងាយចំនួន៩១គ្រឿង ដើម្បីវាយប្រហារលើវិមាន ឬភូមិគ្រឹះរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងតំបន់ណូហ្កូរ៉ូត (Novgorod) ភាគពាយព្យនៃប្រទេសរុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្កេ ឡារ៉ូហ្វ (Sergey Lavrov) បានអះអាងថា ប្រព័ន្ធការពារអាកាស បានបាញ់ទម្លាក់ដ្រូនទាំងនោះដោយជោគជ័យ និងមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។ យ៉ាងណា លោក ហ្សេឡេនស្គី និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អេនទ្រី ស៊ីប៊ីហា (Andrii Sybiha) បានចាត់ទុកការចោទប្រកាន់នេះថា ជាល្បិចរបស់វិមានក្រឹមឡាំង ក្នុងបំណងបង្អាក់កិច្ចចរចាសន្តិភាព និងដើម្បីបង្កើតជាលេស ក្នុងការបង្កើនការវាយប្រហារកាន់តែខ្លាំងមកលើអ៊ុយក្រែនវិញ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺថា ការចោទប្រកាន់នេះបានកើតឡើងភ្លាមៗ បន្ទាប់ពីលោក ហ្សេឡេនស្គី បានជួបពិភាក្សាជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅរដ្ឋផ្លរីដា ដើម្បីស្វែងរកច្រកចេញបញ្ចប់សង្គ្រាម។ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោកទទួលបានព័ត៌មាននេះផ្ទាល់ពីលោក ពូទីន តាមទូរសព្ទ ហើយលោកមានអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំងចំពោះទង្វើនេះ ប្រសិនបើវាជាការពិត។

ទន្ទឹមនឹងនេះ ក្រសួងការបរទេសរុស្ស៊ី បានព្រមានថា នឹងវាយតម្លៃឡើងវិញចំពោះគម្រោងចរចាសន្តិភាពរបស់ខ្លួន ខណៈប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការព្យាយាមវាយប្រហារនេះ និងបង្ហាញសាមគ្គីភាពជាមួយរុស្ស៊ីផងដែរ។ ស្ថានភាពនេះកំពុងធ្វើឱ្យមជ្ឈដ្ឋានអន្តរជាតិមានការព្រួយបារម្ភថា កិច្ចប្រឹងប្រែងចរចាសន្តិភាពដែលកំពុងលេចចេញរូបរាង អាចនឹងត្រូវរាំងស្ទះដោយសារការចោទប្រកាន់ដ៏ស្រួចស្រាល់នេះ៕

