រដ្ឋធានីកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយទៅកាន់ប្រជាជននាឱកាសចូលឆ្នាំថ្មី កាលពីល្ងាចថ្ងៃពុធទី៣១ ខែធ្នូថា អ៊ុយក្រែនចង់ឱ្យសង្រ្គាមបញ្ចប់ ប៉ុន្តែលោកនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដែលគ្មានប្រសិទ្ធភាព ដោយគ្រាន់តែអូសបន្លាយសង្រ្គាមនោះទេ...។

លោក ហ្សេឡេនស្គី បាននិយាយថា ប្រជាជនអ៊ុយក្រែន បាននិងកំពុងហែលក្នុងភ្នក់ភ្លើងសង្គ្រាមយ៉ាងវេទនាជិត៤ឆ្នាំហើយ ពោលគឺយូរជាងសង្រ្គាមលោកលើកទី២ របស់អាល្លឺម៉ង់ ដែលកាន់កាប់ទីក្រុងជាច្រើនរបស់អ៊ុយក្រែនទៅទៀត។ លោក ហ្សេឡេនស្គី បានសង្កត់ធ្ងន់ថា៖«តើអ៊ុយក្រែនចង់បានអ្វី? សន្តិភាព? បាទ! ទោះក្នុងតម្លៃណាក៏ដោយ! ទេ[..]យើងចង់បានការបញ្ចប់សង្រ្គាម ប៉ុន្តែមិនមែនការបញ្ចប់នៃអ៊ុយក្រែនទេ។ តើយើងនឿយហត់ណាស់មែនទេ? តើនេះមានន័យថា យើងត្រៀមខ្លួនចុះចាញ់ហើយឬនៅ? នរណាដែលគិតដូច្នេះ គឺច្រឡំធំហើយ...!»។

អតីតតារាកំប្លែងក្លាយជាប្រធាធិបតីដ៏មានឥទ្ធិពលរបស់អ៊ុយក្រែន លោក ហ្សេឡេនស្គី លើកឡើងបន្ថែមទៀតថា៖«ហត្ថលេខារបស់ខ្ញុំ នឹងត្រូវបានស៊ីញ៉េនៅលើកិច្ចព្រមព្រៀងដ៏រឹងមាំមួយ។ ហើយនោះជាអ្វីដែលរាល់កិច្ចប្រជុំ រាល់ការហៅទូរសព្ទ រាល់ការសម្រេចចិត្ត គឺពីឥឡូវនេះ[..]ដើម្បីទទួលបានសន្តិភាពដ៏រឹងមាំ សម្រាប់មនុស្សគ្រប់រូប មិនមែនសម្រាប់មួយថ្ងៃ មួយសប្តាហ៍ ឬពីរខែនោះទេ ប៉ុន្តែសន្តិភាពសម្រាប់រាប់ឆ្នាំ»៕

