សហភាពអឺរ៉ុប ផ្លាស់ប្ដូរយុទ្ធសាស្ត្រពីការប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កក ទៅជាការខ្ចីប្រាក់រួមគ្នាសម្រាប់អ៊ុយក្រែន
N
Nary Vann
19 ធ្នូ 2025 12:00 PM

រដ្ឋធានីប្រ៊ុចសែល៖ មេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃទី១៩ ខែធ្នូ បានសម្រេចខ្ចីសាច់ប្រាក់ដើម្បីផ្តល់ជាមូលនិធិ ជំនួសឱ្យការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីគាំទ្រការការពាររបស់អ៊ុយក្រែនប្រឆាំងនឹងប្រទេសរុស្ស៊ី។

ប្រធានកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប លោក អេនថូនីញ៉ូ ខូស្តា (Antonio Costa) បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការពិភាក្សាជាច្រើនម៉ោងថា៖«យើងមានកិច្ចព្រមព្រៀងមួយ។ ការសម្រេចចិត្តផ្តល់ជំនួយចំនួន៩០ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៦ និង២០២៧ ត្រូវបានអនុម័ត»។ លោក ខូស្តា មិនបានបញ្ជាក់អំពីប្រភពនៃមូលនិធិនេះទេ ប៉ុន្តែសេចក្តីព្រាងអត្ថបទសន្និដ្ឋាននៃកិច្ចប្រជុំកំពូលបានឱ្យដឹងថា វាគឺជាកម្ចីពីទីផ្សារមូលធន។ ហុងគ្រី ស្លូវ៉ាគី និងសាធារណរដ្ឋឆែក ត្រូវបានលើកលែងពីការរួមចំណែកក្នុងកម្ចី។ បន្ថែមពីលើនេះ សហភាពអឺរ៉ុបកំពុងធ្វើការឆ្ពោះទៅរកការបង្កើតប្រាក់កម្ចីសម្រាប់អ៊ុយក្រែនប្រើប្រាស់ទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីដែលបង្កក។ ប្រាក់កម្ចីនេះ នឹងត្រូវបានសងដោយអ៊ុយក្រែន នៅពេលដែលពួកគេទទួលបានសំណងពីប្រទេសរុស្ស៊ី។

ការពិភាក្សាការទូត បានគូសបញ្ជាក់ពីភាពស្មុគស្មាញ និងបញ្ហាប្រឈមផ្នែកនយោបាយនៃការប្រើប្រាស់ទ្រព្យសកម្មរបស់រុស្ស៊ី ដោយមានការព្រួយបារម្ភជាពិសេសសម្រាប់បែលហ្ស៊ិក ដែលកាន់កាប់ចំណែកដ៏ច្រើននៃទ្រព្យសម្បត្តិទាំងនេះ ប្រហែល ១៨៥ពាន់លានអឺរ៉ូនៃចំនួនសរុប២១០ពាន់លានអឺរ៉ូនៅក្នុងទ្វីបអឺរ៉ុប។ ការ​សម្រេច​ចិត្ត​នេះ​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ពី​ការ​ផ្តល់​មូលនិធិ​ផ្ទាល់​ដល់​អ៊ុយក្រែន​ ទៅ​ជា​ការ​គ្រប់​គ្រង​ផល​ប៉ះពាល់​នយោបាយ​នៃ​ការ​ប្រើ​ប្រាស់​ទ្រព្យ​សកម្ម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត