
រដ្ឋធានីកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានបង្ហើបឱ្យដឹងកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរដ្ឋធានីកៀវកំពុងស្ថិតក្នុងកិច្ចពិភាក្សាជាមួយរដ្ឋធានីវ៉ាស៊ីនតោន អំពីលទ្ធភាពនៃវត្តមានកងទ័ពសហរដ្ឋអាម៉េរិកនៅក្នុងប្រទេសអ៊ុយក្រែន ដែលនេះ គឺជាផ្នែកមួយនៃកញ្ចប់ធានាសន្តិសុខដ៏រឹងមាំ សម្រាប់ប្រទេសរបស់លោក...។

លោក ហ្សេឡេនស្គី បានបញ្ជាក់តាមរយៈការផ្ញើសារក្នុងកម្មវិធី WhatsApp ថា វត្តមានទ័ពអាម៉េរិក នឹងក្លាយជាកម្លាំងរុញច្រានយ៉ាងខ្លាំងដល់សន្តិសុខរបស់អ៊ុយក្រែន ហើយលោក ក៏បានលើកយកបញ្ហានេះទៅជជែកជាមួយលោក ដូណាល់ ត្រាំ និងមេដឹកនាំអឺរ៉ុបដទៃទៀតផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ សេតវិមាន មិនទាន់បានចេញសេចក្តីអត្ថាធិប្បាយណាមួយជុំវិញសំណើបញ្ជូនទ័ពនេះនៅឡើយទេ ខណៈ ត្រាំ បានបង្ហាញភាពប្រុងប្រយ័ត្នជាងមុន ដោយលើកឡើងថា លោកចង់ឃើញបណ្តាប្រទេសនៅអឺរ៉ុប ដើរតួនាទីឈានមុខគេក្នុងការផ្ដល់ការធានាសន្តិសុខនេះវិញ។

ស្របពេលជាមួយគ្នា លោក ហ្សេឡេនស្គី ក៏បានឆ្លើយតបទៅនឹងការចោទប្រកាន់របស់រុស្ស៊ី ជុំវិញការវាយប្រហារលើភូមិគ្រឹះរបស់លោក ពូទីន ដោយលោកចាត់ទុកថា វាគឺជារឿងប្រឌិត ក្នុងបំណងបង្អាក់កិច្ចចរចាសន្តិភាព។ ទោះបីជាមានការចោទប្រកាន់ និងកង្វះទំនុកចិត្តគ្នាទៅវិញទៅមកយ៉ាងណា មេដឹកនាំអ៊ុយក្រែនរូបនេះ បានបញ្ជាក់ជាថ្មីថា លោកត្រៀមខ្លួនជាស្រេចក្នុងការជួបពិភាក្សាផ្ទាល់ជាមួយលោក ពូទីន ក្នុងរូបភាព ឬក្របខ័ណ្ឌណាមួយក៏បាន ដើម្បីបញ្ចប់សង្គ្រាមដែលបានអូសបន្លាយតាំងពីឆ្នាំ២០២២ មកនោះ។ ចំណែក លោក ដូណាល់ ត្រាំ បានយល់ឃើញថា ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមប្រហែល៩៥ភាគរយទៅហើយ ប៉ុន្តែបញ្ហាទឹកដីដ៏ចម្រូងចម្រាស នៅតែជាឧបសគ្គដ៏ស្មុគស្មាញដែលត្រូវបន្តដោះស្រាយ៕



