
រាជធានីភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា (សសក) បានប្រកាសសហការជាមួយអ្នកជំនាញនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ឬសាលាតិចណូ លើការសិក្សាស្រាវជ្រាវផលិតថាមពលអគ្គិសនីពីសំបកគ្រាប់ស្វាយចន្ទី ចូលរួមលើកកម្ពស់ការច្នៃ ឬបង្កើតគំនិតថ្មីៗ និងបន្ថែមតម្លៃនៅក្នុងឧស្សាហកម្មស្វាយចន្ទី…។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី១មករា ឆ្នាំ២០២៦ ថា សសក បានទទួលសំណើកិច្ចសហប្រតិបត្តិការស្រាវជ្រាវចំនួន៣ ពីអ្នកជំនាញនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលជាស្ថាប័នស្រាវជ្រាវវិទ្យាសាស្រ្តឈានមុខគេមួយរបស់កម្ពុជា ក្នុងគោលបំណងលើកកម្ពស់នវានុវត្តន៍ និងនិរន្តរភាពក្នុងវិស័យស្វាយចន្ទី។ កិច្ចសហប្រតិបត្តិការស្រាវជ្រាវទាំង៣ រួមមាន៖ ១.ការផលិតថាមពលអគ្គិសនីពីសំបកគ្រាប់ស្វាយចន្ទី ដោយអ្នកស្រាវជ្រាវរបស់វិទ្យាស្ថាន ITC កំពុងវាយតម្លៃ និងប្រៀបធៀបអត្ថប្រយោជន៍រវាងការចម្រាញ់យកប្រេងចេញពីសំបកស្វាយចន្ទី និងការប្រើប្រាស់សំបកទាំងនោះផ្ទាល់សម្រាប់ការផលិតថាមពល។ គម្រោងនេះមានគោលបំណងកំណត់ការប្រើប្រាស់កាកសំណល់សំបកស្វាយចន្ទីឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពបំផុត។ បើគ្មានការប្រែប្រួលទេ គម្រោងនេះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៦ ក្នុងខេត្តកំពង់ធំ។

២.ការផលិតទឹកខ្មេះឈើពីមែកស្វាយចន្ទីដែលកាត់ចោលក្នុងរដូវតែងមែក ក្នុងកំលុងពេលថែទាំចម្ការជាប្រចាំ។ លោក អួន ស៊ីឡុត គូសបញ្ជាក់ថា ទឹកខ្មេះឈើ គឺជាធាតុផ្សំដ៏សំខាន់ក្នុងការផលិតថ្នាំបណ្ដេញសត្វល្អិតសរីរាង្គ និងគាំទ្រដល់គំនិតផ្តួចផ្តើម «កាកសំណល់សូន្យ» របស់វិស័យស្វាយចន្ទី ដែលស្វែងរកការជួយកសិករឱ្យបង្កើនតម្លៃជាអតិបរមានូវរាល់ផលិតផលបន្ទាប់បន្សំពីស្វាយចន្ទី។ ទឹកខ្មេះឈើ មានសក្តានុពលក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្មសរុបសម្រាប់កសិករយ៉ាងច្រើន។ គម្រោងនេះគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៦ ក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងកំពង់ធំ។

ដោយឡែក គម្រោងទី ៣.ការកែច្នៃផ្លែស្វាយចន្ទីទៅជាជីទឹក និងចំណីសត្វ ដែលវាជាការដោះស្រាយបញ្ហាការប្រើប្រាស់ផ្លែស្វាយចន្ទីមិនទាន់អស់សក្តានុពល ហើយត្រូវបានបោះចោល។ គម្រោងនេះ នឹងស្វែងយល់ជាពិសេស ពីការបំប្លែងវាទៅជាជីទឹកសរីរាង្គសម្រាប់បាញ់តាមស្លឹក ដែលសក្តិសមសម្រាប់ដំណាំបន្លែគ្រប់ប្រភេទ។ ចំណែក កាកសំណល់សាច់ផ្លែដែលនៅសល់អាចយកទៅធ្វើជាចំណីសត្វបានទៀតផង។ គម្រោងនេះគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៦ ក្នុងខេត្តកំពង់ធំ ដូចគម្រោងទាំងពីរខាងលើដែរ។ លោក អួន ស៊ីឡុត អះអាងថា គម្រោងទាំង៣ខាងលើ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងរបស់ សសក និង ITC ក្នុងការលើកកម្ពស់នវានុវត្តន៍ និរន្តរភាព និងការបន្ថែមតម្លៃនៅក្នុងឧស្សាហកម្មស្វាយចន្ទីកម្ពុជា កាត់បន្ថយការខ្ជះខ្ជាយ ព្រមទាំងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ៕




