សម្លឹងឃើញសក្តានុពលសម្បូរបែប ក្រុមហ៊ុន Olam Food ចង់ពង្រីកការវិនិយោគកែច្នៃស្វាយចន្ទីនៅកម្ពុជា
S
Soriya Sou
18 មីនា 2026 04:00 AM

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Olam Food Ingredients (OFI) មានមូលដ្ឋាននៅប្រទេសវៀតណាម និងបើកក្រុមហ៊ុនសាខានៅកម្ពុជា មានបំណងចង់ពង្រីកការវិនិយោគបន្ថែមទៀតលើការកែច្នៃស្វាយចន្ទីសម្រាប់នាំចេញ…។

ថ្លែងក្នុងជំនួបជាមួយលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៧មីនា លោក ហ្គៅរ៉ាវ ប៉ាទីល (Gaurav Patil) អនុប្រធានជាន់ខ្ពស់ និងជានាយកក្រុមហ៊ុន Olam Food Ingredients (OFI) បានឱ្យដឹងថា មូលហេតុដែលលោកចង់ពង្រីកការវិនិយោគ ក៏ដោយសារពិនិត្យឃើញពីសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា ជាមួយនឹងស្ថិរភាពនៃស្ថានភាពសេដ្ឋកិច្ច និងនយោបាយ។ អ្នកជំនួញរូបនេះអះអាងថា លោកមាន​បំណង​ពង្រីកការវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ជាពិសេស ការកែច្នៃស្វាយចន្ទីនេះផ្ទាល់តែម្ដង។ ក្នុងន័យនេះ លោកស្នើសុំពង្រឹង​កិច្ច​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម ​ ដើម្បី​ពិនិត្យលទ្ធភាពក្នុង​ការបង្កើតយន្តការអំណោយផល ដើម្បី​ជំរុញ​ការ​កែច្នៃ​ផលិត​ផល​សក្តានុពល​កម្ពុជា ​ឱ្យ​កាន់តែ​សម្បូរបែបជាបន្តបន្ទាប់​នាពេល​អនាគត។​

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានប្រកាសស្វាគមន៍ លោក ហ្គៅរ៉ាវ ប៉ាទីល នាយកក្រុមហ៊ុន OFI ចំពោះទំនុកចិត្តក្នុងការវិនិយោគ និងបំណងពង្រីកសកម្មភាពអាជីវកម្មនៅកម្ពុជា ព្រមទាំងបានឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងការលើកកម្ពស់ ជំរុញ និងអភិវឌ្ឍវិស័យកែច្នៃស្វាយចន្ទីកម្ពុជា និងផលិតផលសក្តានុពលផ្សេងទៀតឱ្យកាន់តែរីកចម្រើន។

សូមជម្រាបថា ក្រុមហ៊ុន OFI មានមូលដ្ឋាននៅប្រទេសវៀតណាម ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Olam Group ជា​ក្រុមហ៊ុន​ធំមួយ​ មាន​ទីស្នាក់ការ​កណ្តាល​​នៅ​ប្រទេស​សិង្ហបុរី​ និង​​កំពុងមាន​ប្រតិបត្តិការ​ជាង​ ៦០ប្រទេស​ ដោយ​មាន​ជំនាញអាជីវកម្មម្ហូបអាហារ និងកសិ-ពាណិជ្ជកម្មឈានមុខគេ ដែលបានផ្គត់ផ្គង់ដល់អតិថិជននៅទូទាំងពិភពលោក។ ក្រុមហ៊ុន​ Olam Group ក៏បានចុះបញ្ជីបង្កើតក្រុមហ៊ុន​ Olam Outspan (Cambodia) នៅកម្ពុជាផងដែរ តាំងពីឆ្នាំ២០១៧ ក្នុង​ទិសដៅ​​បន្ត​​ជំរុញ និង​ពង្រីក​វិសាល​ភាព​វិនិយោគ​បន្ថែម ​ទៅលើការកែច្នៃ​ស្វាយចន្ទីកម្ពុជា ​ និង​​ដំណាំ​សក្តានុពល​កម្ពុជា​បន្ថែម​ទៀត រួមមាន៖​ ស្វាយ,​ ទុរេន,​ ម្នាស់ជាដើម​​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត