ចិន គ្រោងវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទី នាំចេញពីកម្ពុជារហូតដល់៥០ម៉ឺនតោនក្នុងមួយឆ្នាំ

រាជធានីភ្នំពេញ៖ ប្រធានផ្នែកកសិកម្មនៃក្រុមហ៊ុន Sinomach Hainan លោក David Zou Zhun តាមរយៈជំនួបជាមួយមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២កញ្ញា ឆ្នាំ២០២៥នេះ បានបង្ហាញចំណាប់អារម្មណ៍បោះទុនវិនិយោគកម្រិតខ្ពស់ លើឧស្សាហកម្មស្វាយចន្ទី ដោយដាក់គោលដៅកែច្នៃនាំចេញរហូតដល់ ៥០ម៉ឺនតោនក្នុងមួយឆ្នាំ..។

ក្នុងជំនួបជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក David Zou Zhun បានថ្លែងអំណរគុណមន្ត្រីជំនាញកម្ពុជា ដែលបានទទួលជួបគណៈប្រតិភូ និងផ្តល់ព័ត៌មានលម្អិតពីវិស័យឧស្សាហកម្មស្វាយចន្ទី ដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍ សហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យដ៏មានសក្តានុពលមួយនេះ។ 

 លោក David Zou Zhun
 លោក David Zou Zhun

លោក David Zou Zhun អះអាងថា បច្ចុប្បន្ន ក្រុមហ៊ុនបានសហការចាប់ដៃគូជាមួយក្រុមហ៊ុនចំនួន៤ ដើម្បីធ្វើការប្រមូលទិញស្វាយចន្ទីស្ងួត និងស្វាយចន្ទីកែច្នៃ យកទៅចែកចាយទៅកាន់ទីផ្សារប្រទេសចិន។ លោក គូសរំលេចថា៖«គម្រោងវិនិយោគឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ក្រុមហ៊ុននឹងរៀបចំជាបីដំណាក់កាល! ដំណាក់កាលទី១ គ្រោងនឹងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានចំនួន ៣ម៉ឺនតោនក្នុង១ឆ្នាំ, ដំណាក់កាលទី២ ចំនួន២០ម៉ឺនតោនក្នុង១ឆ្នាំ និងដំណាក់កាលទី៣ ចំនួន៥០ម៉ឺនតោនក្នុង១ឆ្នាំ»។      

ជាការឆ្លើយតប លោក ជា វុទ្ធី បានអត្ថាធិប្បាយពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទី ពីដើមទីដល់ចុងទី ដោយបានរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច។ លោកបន្ថែមថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ និងកំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប។ 

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ក្រៅតែពីរៀបរាប់ប្រាប់ប្រតិភូវិនិយោគអំពីឧស្សាហកម្មស្វាយចន្ទី លោក ជា វុទ្ធី ក៏បានលើកឡើងបន្ថែមពីដំណាំកសិកម្មផ្សេងទៀត ដែលមានសក្តានុពលនៅកម្ពុជា។ ដំណាំកសិកម្មទាំងនោះរួមមាន៖ ដំទ្បូងមី ចេក ស្វាយ និងទុរេនជាដើម ដែលក្រុមហ៊ុនអាចធ្វើការគិតគូររៀបចំខ្សែច្រវាក់ផលិតកម្ម និងកែច្នៃដំណំាកសិកម្មទាំងនោះឱ្យកាន់តែមានតម្លៃខ្ពស់បន្ថែមទៀត។ សូមជម្រាបខ្លីថា ក្រុមហ៊ុន Sinomach Hainan ជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ ឈានមុខក្នុងផលិតម៉ាស៊ីនសម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម, ការកែច្នៃដំណាំកសិកម្ម, និងការនាំចេញ ចូលផលិតផលកសិកម្ម នៅកោះហៃណាន សាធារណរដ្ឋប្រជាមានិតចិន៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត