ជនភៀសសឹកជាង៤០ម៉ឺននាក់បន្តរស់នៅជំរំសុវត្ថិភាព ខណៈសាលារៀន-មន្ទីរពេទ្យជាង៦០០បន្តបិទទ្វារ
S
Soriya Sou
02 មករា 2026 04:00 AM

រាជធានីភ្នំពេញ៖ គិតត្រឹមល្ងាចថ្ងៃទី១មករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋភៀសសឹកប្រមាណជាង៤០ម៉ឺន៩ពាន់នាក់ នៅតែបន្តរស់នៅក្នុងជំរំសុវត្ថិភាព ខណៈពលរដ្ឋប្រមាណជាង១០ម៉ឺន៣ពាន់នាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្រោយយោធាកម្ពុជា-ថៃ បន្តអនុវត្តបទឈប់បាញ់ធ្វើឱ្យស្ថានការណ៍នៅព្រំដែនមានសភាពស្ងប់ស្ថាត់…។

តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី១មករា បានឱ្យដឹងថា ក្នុងចំណោមជនភៀសសឹកបន្តរស់នៅជំរំសុវត្ថិភាព ជាង៤០ម៉ឺននាក់ មានស្ត្រីជាង២១ម៉ឺន៤ពាន់នាក់ និងកុមារជាង១៣ម៉ឺន១ពាន់នាក់។ មិនមែនតែពលរដ្ឋភៀសសឹកជាង៤០ម៉ឺននាក់ទេ ដែលនៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែសេវាសាធារណៈជាមូលដ្ឋានដូចជា សាលារៀន មន្ទីរពេទ្យសរុបប្រមាណ៦៣៣កន្លែង នៅខេត្តជាប់ព្រំដែនចំនួន៤ ក៏មិនទាន់អាចបើកទ្វារដំណើរការឡើងវិញបានដូចគ្នា។ ក្នុងនោះរួមមាន៖ ១.ខេត្តបន្ទាយមានជ័យ មានសាលារៀន៣២១ (រដ្ឋ២៣៧ឯកជន៨៤) និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៧ បន្តបិទផ្អាក, ២.ខេត្តព្រះវិហារ មានសាលារៀន៦១ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅបន្តបិទផ្អាក, ៣.ខេត្តឧត្តរមានជ័យ មានសាលារៀន២១២ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ រដ្ឋបាលនៅថ្នាក់ខេត្ត១ ក្រុង-ស្រុក២ ឃុំ-សង្កាត់៩ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បានបន្តបិទផ្អាក និង ៤.ខេត្តកោះកុង មានសាលារៀន៤ បន្តបិទផ្អាក។

ឆ្លើយតបនឹងចំនួនជនភៀសសឹកបន្តរស់នៅជំរំសុវត្ថិភាពមានចំនួនច្រើន លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាព និងបានសំណូមពរដល់ប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅជំរំសុវត្ថិភាព សូមស្ដាប់ការណែនាំរបស់អាជ្ញាធរមុនត្រឡប់ទៅផ្ទះសម្បែងវិញ។ ដោយឡែក អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ត្រូវតាមដានជាប់ជាប្រចាំពីការផ្គត់ផ្គង់ស្បៀង សម្ភារប្រើប្រាស់ ទឹកស្អាត ក៏ដូចជាចាត់តាំងគ្រូពេទ្យប្រចាំការ សម្រាប់ជួយថែទាំសុខភាពជូនជនភៀសសឹក ពិសេសកុមារ និងស្ត្រីមានផ្ទៃពោះ ព្រមទាំងធានាសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងជំរំសុវត្ថិភាពឱ្យបានល្អប្រសើរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត