អ្នកស្លា.ប់ក្នុងគ្រោះអគ្គិភ័យនៅកន្លែងកម្សាន្តប្រទេសស្វីស កើន​ដល់់៤០នាក់ និងរបួ.ស១១៥នាក់
N
Nary Vann
02 មករា 2026 04:30 AM

ទីក្រុង ក្រង់ ម៉ុងតាណា៖ យប់ឆ្លងឆ្នាំ ស្វីស បែរជាជួបគ្រោះអកុសលក៏គួរឱ្យតក់ស្លុតទៅវិញ! គ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅនៅបារមួយកន្លែងឈ្មោះ ឡឺ កុងស្តេឡាស្យុង (Le Constellation) ក្នុងទីក្រុង ក្រង់ ម៉ុងតាណា (Crans‑Montana) បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់៤០នាក់ និងបណ្តាលឱ្យ១១៥នាក់ផ្សេងទៀត រងរបួស ខណៈអាជ្ញាធរស្វីស កំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ។ អគ្គិភ័យ បានកើតឡើងកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់យប់ម៉ោងជាង១ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ទើបអាជ្ញាធរពន្លត់បានទាំងស្រុង។ មនុស្សម្នា បានទៅលេងកម្សាន្តនៅបារ ឬក្លិប ឡឺ កុងស្តេឡាស្យុង ដែលមានកន្លែងជិះស្គីដ៏ធំនៅជាប់គ្នាផងដែរ​ ដើម្បីចូលរួមអបអរសាទរពិធីឆ្លងឆ្នាំថ្មី។   

តាមការស្រាវជ្រាវរបស់អាជ្ញាធរតំបន់ តម្រុយដំបូងបានបង្ហាញថា អណ្តាតភ្លើងបានចាប់ផ្តើមឆាបឆេះចេញពីភ្លើងទៀន ដែលបុគ្គលិកបារប្រើប្រាស់ក្នុងកម្មវិធីឆ្លងឆ្នាំ បណ្ដាលឱ្យរាលដាលដល់ពិដានឈើ និងបង្កជាការផ្ទុះឧស្ម័នឆេះយ៉ាងសន្ធោសន្ធៅ។ អាជ្ញាធរ បានច្រានចោលក្តីសង្ស័យថា អគ្គិភ័យនេះ អាចជាលទ្ធភាពនៃអំពើភេរវកម្ម។  ជាមួយគ្នានេះ អាជ្ញាធរ បញ្ជាក់ថា ការកំណត់អត្តសញ្ញាណសពកំពុងជួបការលំបាក ដោយសារសាកសពខ្លះត្រូវបានឆេះខ្លាំង។

ក្រសួងការបរទេសបារាំង បានប្រកាសថា មានពលរដ្ឋខ្លួនចំនួន៨នាក់កំពុងបាត់ខ្លួនក្នុងហេតុការណ៍អកុសលនេះ។ សោកនាដកម្មនេះ បានធ្វើឱ្យប្រព័ន្ធសុខាភិបាលក្នុងតំបន់ឡើងកម្តៅខ្លាំង រហូតដល់ត្រូវបញ្ជូនជនរងគ្រោះតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យឯកទេសនៅក្រៅតំបន់។ ប្រទេសស្វីស នឹងប្រារព្ធពិធីបុណ្យកាន់ទុក្ខជាតិរយៈពេល៥ថ្ងៃសម្រាប់ជនរងគ្រោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត