
រដ្ឋធានីញូវដេលី៖ មនុស្សយ៉ាងហោចណាស់២៥នាក់ រួមទាំងអ្នកទេសចរ បានអស់ជីវិតនៅក្នុងអគ្គិភ័យក្នុងក្លឹបរាត្រីមួយកន្លែងក្នុងទីក្រុង Arpora រដ្ឋ Goa ពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី០៧ ខែធ្នូ។

លោក Pramod Sawant ប្រមុខរដ្ឋ Goa បានរាយការណ៍ថា អ្នកស្លាប់ភាគច្រើន គឺជាកម្មករផ្ទះបាយរបស់ក្លឹប ក៏ដូចជាអ្នកទេសចរបីទៅបួននាក់ផងដែរ ខណៈមនុស្ស៦នាក់បានរងរបួស។ ទីភ្នាក់ងារសារព័ត៌មាន Press Trust of India បានរាយការណ៍ដោយដកស្រង់សម្តីរបស់ប៉ូលិសក្នុងតំបន់ថា អគ្គិភ័យនេះបណ្ដាលមកពីការផ្ទុះធុងហ្គាស ខណៈអណ្តាតភ្លើងត្រូវបានពន្លត់ទាំងស្រុង ហើយសាកសពទាំងអស់ត្រូវបានរកឃើញ។ ទីភ្នាក់ងារសារព័ត៌មាននេះបន្ថែមថា យ៉ាងហោចណាស់មានមនុស្ស១០០នាក់ស្ថិតនៅក្នុងក្លឹបនៅពេលដែលអគ្គិភ័យបានផ្ទុះឡើង។ ទីភ្នាក់ងារសារព័ត៌មានបាននិយាយថា ក្លឹបរាត្រីនេះ មានច្រកចូល និងច្រកចេញតូចចង្អៀត ហើយក្រុមពន្លត់អគ្គិភ័យអាចចតរថយន្តរបស់ពួកគេចម្ងាយប្រហែល៤០០ម៉ែត្រពីទីតាំងកើតហេតុ ដែលធ្វើឱ្យមានការពន្យារពេលកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គិភ័យ។

លោក Roshan Redkar មន្ត្រីក្រុមប្រឹក្សាភូមិក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា អាជ្ញាធរពីមុនបានចេញសេចក្តីជូនដំណឹងអំពីការរុះរើក្លឹបនេះ ព្រោះវាមិនមានលិខិតអនុញ្ញាតសាងសង់ពីរដ្ឋាភិបាល ប៉ុន្តែមន្ត្រីជាន់ខ្ពស់បានលុបចោលបទបញ្ជានេះ។ លោក Sawant បានឱ្យដឹងថា រដ្ឋាភិបាលបានបញ្ជាឱ្យមានការស៊ើបអង្កេតលើហេតុការណ៍នេះ ដើម្បីកំណត់មូលហេតុពិតប្រាកដនៃអគ្គិភ័យ និងថាតើបទដ្ឋានសុវត្ថិភាពអគ្គីភ័យ និងបទប្បញ្ញត្តិសំណង់។ទន្ទឹមនោះ នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ហើយថារដ្ឋាភិបាលកំពុងផ្តល់ជំនួយដែលអាចធ្វើទៅបានទាំងអស់ដល់អ្នកដែលរងផលប៉ះពាល់៕




