
រាជធានីភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋក្នុងបុរីសុខសាន្ត លេបត្របាក់រថយន្តមួយគ្រឿង និងម៉ូតូ៤គ្រឿងទៀតខូចខាតទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣:១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចក្នុងបុរីសុខសាន ភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល។

យោងតាមការបញ្ជាក់របស់ម្ចាស់ផ្ទះបានឱ្យដឹងថា មុនពេលកើតហេតុ អំឡុងពេលពួកគាត់កំពុងដេកលង់លក់ស្រាប់តែឮស្នូសំឡេងផ្ទុះ ចេញពីក្នុងផ្ទះរួចបង្កទៅជាអណ្តាតភ្លើងឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ឃើញដូច្នេះពួកគាត់នាំគ្នាទាញទុយោទឹក និងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ និងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកជួយអន្តរាគមន៍បាញ់ពន្លត់តែម្ដង។

ភ្លាមៗនោះក្រោយទទួលបានសេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយខាងរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ។ ជុំវិញករណីអគ្គិភ័យខាងលើ បណ្ដាលឱ្យរងការខូចខាតផ្ទះមួយល្វែងសម្ភារមួយចំនួន រួមមាន៖ ម៉ូតូចំនួន៤គ្រឿង និងរថយន្តមួយគ្រឿងឆេះអស់ទាំងស្រុង ដោយឡែក ចំពោះមូលហេតុនៃការឆាប់ឆេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត៕






