ហុងកុងបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាល កាន់ទុក្ខជនរងគ្រោះក្នុងអគ្គិភ័យដែលបានសម្លាប់មនុស្ស១២៨នាក់
N
Nary Vann
4 ខែមុន

ទីក្រុងហុងកុង៖ លោក ចន លី នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) និងមន្ត្រីសំខាន់ៗ បានចូលរួមក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធនៅទីស្នាក់ការរដ្ឋាភិបាល ដើម្បីរំឭកដល់ជនរងគ្រោះក្នុងហេតុការណ៍អគ្គិភ័យលេបត្របាក់អគារលំនៅឋានមួយ នៅក្នុងសង្កាត់តៃប៉ូរបស់ទីក្រុងហុងកុង។

ពិធីគោរពវិញ្ញាណក្ខន្ធបានចាប់ផ្តើមនៅម៉ោង៨ព្រឹក ដោយទាំងទង់ជាតិចិន និងទង់ជាតិ HKSAR ត្រូវបានបង្ហូតត្រឹមពាក់កណ្តាល អមដោយភាពស្ងៀមស្ងាត់រយៈពេល៣នាទី ដើម្បីកាន់ទុក្ខចំពោះជនរងគ្រោះ។ ស្ថាប័នរដ្ឋាភិបាលផ្សេងទៀត រួមទាំងការិយាល័យទំនាក់ទំនងនៃរដ្ឋាភិបាលប្រជាជនកណ្តាលនៅ HKSAR និងការិយាល័យសម្រាប់ការពារសន្តិសុខជាតិ ក៏បានចូលរួមនៅក្នុងកាយការកាន់ទុក្ខនេះផងដែរ។

ចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃចន្ទ ទង់ជាតិនឹងត្រូវបង្ហូតត្រឹមពាក់កណ្ដាលបង្គោល នៅគ្រប់អគាររដ្ឋាភិបាលទាំងអស់ ហើយក្នុងអំឡុងពេលនេះ មន្ត្រីរដ្ឋាភិបាលនឹងមិនចូលរួមក្នុងសកម្មភាពសាធារណៈណាដែលមិនសំខាន់។ លើសពីនេះ ការកម្សាន្ត និងការប្រារព្ធពិធីដែលរៀបចំដោយរដ្ឋាភិបាលទាំងអស់ នឹងត្រូវលុបចោល ឬពន្យារពេល។ គិតត្រឹមថ្ងៃទី២៨វិច្ឆិកា អគ្គិភ័យនៅ Wang Fuk បានឆក់យកជីវិតមនុស្ស១២៨នាក់។

ទន្ទឹមនោះ អាជ្ញាធរបានចាប់ខ្លួនមនុស្ស១១នាក់ ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងការឆាបឆេះដ៏សាហាវបំផុតក្នុងរយៈពេលជិត៨០ឆ្នាំមកនេះ ខណៈពួកគេត្រូវបានស៊ើបអង្កេតពីអំពើពុករលួយ និងការប្រើប្រាស់សម្ភារមិនមានសុវត្ថិភាព ក្នុងអំឡុងពេលជួសជុលនៅបរិវេណអគារកើតហេតុណ៍។ លើសពីនេះ ស្ថាប័នប្រឆាំងអំពើពុករលួយរបស់ទីក្រុងហុងកុង បានចាប់ខ្លួនបុគ្គល៣នាក់ទៀត ដែលជាប់ពាក់ព័ន្ធជាមួយអ្នកម៉ៅការជួសជុល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត