
ដោយ៖ ហៀប ស៊ីថេត និង ស៊ូ សូរិយា
រាជធានីភ្នំពេញ៖ កាលពីនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅអាម៉េរិក) លោក ថូម៉ាស ភីហ្គូត (Thomas Pigott) អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានចេញសេចក្តីថ្លែងការណ៍ស្តីពីបទឈប់បាញ់រវាងកម្ពុជា-ថៃ និងស្វាគមន៍ចំពោះដោះលែងវីរកងទ័ពខ្មែរទាំង១៨រូប ដែលថៃចាប់ឃុំអស់រយៈពេល១៥៥ថ្ងៃ។

អ្នកនាំពាក្យរងរូបនេះបញ្ជាក់ថា ៖«សហរដ្ឋអាម៉េរិកស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា និងថៃ ដើម្បីរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ។ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំង២ ចំពោះសន្តិភាពយូរអង្វែង ដោយការអនុវត្តបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។ យើងស្វាគមន៍ការដោះលែងទាហានកម្ពុជាទាំង១៨រូប ដែលជាជំហានវិជ្ជមានឆ្ពោះទៅរកការកសាងទំនាក់ទំនងអ្នកជិតខាង និងការជឿជាក់លើសហរដ្ឋអាម៉េរិកឡើងវិញ»។ លោក ភីហ្គូត សង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិក ត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា-ថៃ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

សូមជម្រាបថា វីរកងទ័ពកម្ពុជាទាំង១៨រូប បានមកដល់មាតុវិញ នៅម៉ោង១០ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ តាមច្រកទ្វារព្រំដេនអន្តរជាតិព្រំ ខេត្តប៉ៃលិន។ ក្នុងដំណើរនៃការវិលត្រឡប់របស់វីរកងទ័ពទាំង១៨រូប មានការចូលរួមសង្កេតតាមដានមើលពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងអង្គការកាកបាទក្រហមអន្តរជាតិ (ICRC) ខណៈប្រជាជនកម្ពុជាទូទាំងប្រទេស នាំគ្នាស្វាគមន៍យ៉ាងរីករាយ និងបង្ហាញក្តីគោរពដឹងគុណដល់វីរកងទ័ពរបស់ខ្លួន។ ការដោះលែងវីរកងទ័ពទាំង១៨រូប ធ្វើឡើងក្រោយមានការឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕




