សូមបង្កើនការប្រុងប្រយ័ត្ន! គ្រោះថ្នាក់ចរាចរណ៍ផ្ដាច់ជីវិតមនុស្សជាង១ពាន់នាក់ របួសជាង៣ពាន់នាក់ ក្នុងឆ្នាំ២០២៥
S
Soriya Sou
30 ធ្នូ 2025 07:40 AM

រាជធានីភ្នំពេញ៖ រយៈពេលពេញមួយឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បានផ្ដាច់ជីវិតមនុស្សចំនួនជាង១ពាន់៤រយនាក់ និងរងរបួសជាង៣ពាន់នាក់។ នេះបើតាមការបញ្ជាក់របស់លោក ឆាយ គឹមឃឿន អគ្គស្នងការរងនគរបាលជាតិ...។

ថ្លែងក្នុងកម្មវិធីបូកសរុបរបាយការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៣០ធ្នូនេះ លោក ឆាយ គឹមឃឿន បានឱ្យដឹងថា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា កើតឡើងចំនួន២២៥៦លើក បណ្ដាលឱ្យមនុស្សស្លាប់១៤១០នាក់ និងអ្នករបួស៣០២៥នាក់។ ចំនួននេះបានថយចុះ២៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាង៣ពាន់លើក អ្នកស្លាប់១៥៩១នាក់ និងរងរបួសជាង៤ពាន់នាក់។

លោក ឆាយ គឹមឃឿន អគ្គស្នងការរងនគរបាលជាតិ
លោក ឆាយ គឹមឃឿន អគ្គស្នងការរងនគរបាលជាតិ

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំងជាង២ពាន់លើក មាន៥៨ភាគរយកើតឡើងនៅពេលយប់ ផ្ដាច់ជីវិតមនុស្ស៦១៣នាក់ ក្នុងនោះ អ្នកធ្វើដំណើរដោយម៉ូតូមានប្រមាណ៦៣ភាគរយ។ គ្រោះថ្នាក់ចរាចរណ៍ គឺជាឃាតកលាក់មុខដែលបន្សល់ទុកនូវសោកនាដកម្ម ហើយវានៅតែជាបញ្ហាប្រឈមសម្រាប់ប្រទេសកម្ពុជា។ លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានសង្កត់ធ្ងន់ថា សមត្ថកិច្ចបាននិងកំពុងបំពេញការងារជាច្រើនដើម្បីបង្ការ ទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាព។ ក្នុងនោះមានទាំងការលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពប្រតិបត្តិការ រួមទាំងការផ្សព្វផ្សាយអប់រំជាសាធារណៈតាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព ការបង្កើនការយល់ដឹងពីច្បាប់ បច្ចេកទេស គោលការណ៍ និងវិធានការក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី «ចរាចរណ៍ ផ្លូវគោក»

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត