បន្លំខ្លួនជាអ្នកសារព័ត៌មាន ប្រើគណនីតេឡេក្រាមក្លែងក្លាយគំ.រា.មទារលុយពលរដ្ឋ ត្រូវសមត្ថកិច្ចវា.យ.ខ្នោះ
ហាក់ អ៊ីឌី
30 ធ្នូ 2025 04:23 AM

រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចជំនាញផ្នែកឌីជីថលចាប់ខ្លួន ក្រោយក្លែងបន្លំគណនីតេឡេក្រាមអ្នកដទៃ (អ្នកសារព័ត៌មាន) ធ្វើសកម្មភាពឆបោក និងគំរាមទារប្រាក់ពលរដ្ឋជាហូហែរ។ នេះបើតាមការឱ្យដឹងពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥...។

ការចាប់ខ្លួនជនឆបោកខាងលើនេះ ធ្វើឡើងក្រោយទទួលបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ច បានបើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ គ.ណ.រ អាយុ២៤ឆ្នាំ បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរព័ត៌មានបន្ថែម។ យ៉ាងណា នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កន្លងមក រូបគេបានបន្លំខ្លួនក្លែងជាអ្នកសារព័ត៌មាន ហើយបានទាក់ទងទៅជនរងគ្រោះជាច្រើននាក់ ដោយគំរាមទារប្រាក់ ជាថ្នូរក្នុងការរត់ការឯកសាររដ្ឋបាល និងឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ស្រូវ សម្រាប់រៀបចំជួយជនភៀសសឹក។

បន្ថែមលើនេះ ជនសង្ស័យ ក៏បានបន្លំខ្លួនក្លែងជាសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ទាក់ទងទៅជនរងគ្រោះលើបណ្តាញសង្គមហ្វេសប៊ុក និងឆបោកប្រាក់ពីជនរងគ្រោះ ក្រោមរូបភាពជួយរៀបចំពាក្យបណ្តឹងផងដែរ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត