
ខេត្តឧត្តរមានជ័យ៖ បន្ទាប់ពីបទឈប់បាញ់កម្ពុជា-ថៃចូលជាធរមាន នៅថ្ងៃទី២៩ធ្នូ រដ្ឋបាលខេត្តឧត្តរមានជ័យ សម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយដែលមានមន្ត្រីជំនាញ ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអប់រំ និងមន្ទីរសុខាភិបាល ចុះវាយតម្លៃតំបន់សុវត្ថិភាព ដើម្បីត្រៀមទទួលពលរដ្ឋក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលភៀសសឹកឱ្យត្រឡប់ទៅលំនៅឋានវិញ...។

គណៈកម្មការចំពោះកិច្ចនេះ មានតួនាទីពិនិត្យវាយតម្លៃតំបន់សុវត្ថិភាព ដោយកំណត់ និងបែងចែកតំបន់ដែលរងផលប៉ះពាល់ជា៣តំបន់ រួមមាន៖ តំបន់ក្រហម ដែលសំដៅលើតំបន់ជាប់ខ្សែបន្ទាត់ព្រំដែនដែលកងកម្លាំងបានកំពុងឈរជើងប្រចាំការ (មិនទាន់អនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់វិញឡើយ)។ តំបន់លឿង សំដៅលើតំបន់ដែលផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋរស់នៅជិតអង្គភាពយោធា (អនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចចេញចូលពេលថ្ងៃ ប៉ុន្តែមិនអនុញ្ញាតនៅពេលយប់) និងតំបន់សុវត្ថិភាព៖ សំដៅលើតំបន់ដែលរងផលប៉ះពាល់ ប៉ុន្តែនៅឆ្ងាយពីខ្សែបន្ទាត់ព្រំដែន (បងប្អូនប្រជា ពលរដ្ឋភៀសសឹកអាចវិញត្រឡប់ទៅលំនៅឋានបានធម្មតា)។

ក្នុងន័យនេះ រដ្ឋបាលខេត្តឧត្តរមានជ័យ ជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់រៀបចំបញ្ជីស្ថិតិពលរដ្ឋដែលរស់នៅតំបន់ទាំងបីខាងលើឱ្យបានឆាប់រហ័ស ដើម្បីអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋទាំងនោះវិលត្រឡប់ទៅលំនៅឋានវិញ។ ម៉្យាងវិញទៀត ក្រុមពិសេសនេះក៏មានតួនាទី ត្រូវចុះពិនិត្យទីតាំងគ្រាប់ធ្លាក់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីឃុំទុកបណ្តោះអាសន្ន និងផ្តល់ព័ត៌មានដល់កងឯកភាពកម្ចាត់មីន (ស៊ីម៉ាក់) ពិនិត្យបោសសម្អាត។ រីឯមន្ទីរសុខាភិបាល និងមន្ទីរអប់រំ មានតួនាទីពិនិត្យរៀបចំដំណើរការឡើងវិញនូវទីតាំងសុខាភិបាល និងអប់រំដែលបានផ្អាកលើកលែងតែទីតាំងណាដែលរងការខូចខាត និងជាប់ខ្សែបន្ទាត់ព្រំដែន និងសាលាដែលរងការខូចខាតពីគ្រាប់ផ្លោងដោយត្រូវការជួសជុល បោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម។

ក្រៅពីនេះ ស្នងការរដ្ឋាននគរបាលខេត្តត្រូវរៀបចំប្រព័ន្ធ Hotline (២៤/២៤ម៉ោង) ដើម្បីទទួលពាក្យបណ្ដឹង និងសំណូមពរនានាពីប្រជាពលរដ្ឋ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ដោយសហការជាមួយរដ្ឋបាលក្រុង ស្រុក រៀបចំទីតាំងត្រួត ពិនិត្យ ហ្មត់ចត់នៅតាមគោលដៅច្រកចូលក្រុង ស្រុក ដើម្បីបង្ការ និងទប់ស្កាត់សមាសភាពមិនល្អចូលមូលដ្ឋាន។ ទន្ទឹមគ្នានេះ អាជ្ញាធរពាក់ព័ន្ធ ត្រូវកំណត់មុខសញ្ញាគ្រួសារដែលមានជីវភាពខ្វះខាតពិតប្រាកដ ដើម្បីបន្តឧបត្ថម្ភស្បៀងអាហារក្នុងរយៈពេលខ្លី និងមធ្យម។ ក្នុងគោលដៅឱ្យវិធាការសម្រេចបាន រដ្ឋបាលខេត្ត អំពាវនាវឱ្យពលរដ្ឋចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីមាន សមត្ថកិច្ច។
គួរជ្រាបថា តាមរយៈសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ធ្នូ កម្ពុជា-ថៃព្រមព្រៀងគ្នាអនុវត្តបទឈប់បាញ់ ដោយក្នុងនោះ ភាគីទាំងពីរ ក៏បានឯកភាពគ្នាអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតាក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕




