លោកទេសរដ្ឋមន្រ្តី គន់ គីម ណែនាំអាជ្ញាធរត្រៀមផ្គត់ផ្គង់ពលរដ្ឋ ដែលអាចនឹងបន្តជម្លៀសចេញពីព្រំដែនបន្ថែមទៀត
S
Soriya Sou
មួយខែមុន

រាជធានីភ្នំពេញ៖ សង្រ្គាមមិនទាន់ចប់ យោធាថៃបន្តឈ្លានពានកាន់តែខ្លាំងឡើង លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រៀមលក្ខណៈទទួល និងផ្តត់ផ្គង់ដល់ពលរដ្ឋដែលអាចនឹងបន្តជម្លៀសចេញពីតំបន់ព្រំដែនបន្ថែមទៀត…។

លោកទេសរដ្ឋមន្រ្តី គន់ គីម បានជំរុញឱ្យអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ឆ្លើយតបស្ថានភាពចំពោះមុខ និងតាមដានជាប់ជាប្រចាំពីការផ្គត់ផ្គង់ស្បៀង សម្ភារប្រើប្រាស់ ទឹកស្អាត ក៏ដូចជាចាត់តាំងគ្រូពេទ្យប្រចាំការ សម្រាប់ជួយថែទាំសុខភាពជូនជនភៀសសឹក ពិសេសកុមារ និងស្ត្រីមានផ្ទៃពោះ និងធានាសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងមណ្ឌលសុវត្ថិភាពឱ្យបានល្អប្រសើរ។ លោកថ្លែងដូច្នេះ ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៥ធ្នូ ដើម្បីធានាថាសំណូមពរ និងបញ្ហាប្រឈមរបស់បងប្អូនត្រូវបានដោះស្រាយទាន់ពេលវេលា។

លោកបន្ថែមថា ខណៈពេលដែលវីរកងទ័ពរបស់យើង កំពុងឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានរបស់យោធាថៃ រាជរដ្ឋាភិបាល ក៏មិនធ្វេសប្រហែសក្នុងការការពារសមរភូមិក្រោយ ពោលគឺការធានាសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូបតាមមណ្ឌលសុវត្ថិភាព គឺជាអាទិភាពខ្ពស់បំផុត។ សូមជម្រាបថា ការវាយប្រហាររបស់យោធាថៃ លើកម្ពុជាសាជាថ្មី ចាប់តាំងពីថ្ងៃទី៧ធ្នូមក បានសម្លាប់ប្រជាជនស៊ីវិលកម្ពុជាចំនួន៣០នាក់ របួស៨៨នាក់ ខណៈប្រជាជនជាង៦៤ម៉ឺននាក់ទៀតត្រូវរត់ភៀសខ្លួនទាំងភ័យខ្លាចទៅជំរំសុវត្ថិភាព។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតត្រឹមល្ងាចថ្ងៃទី២៥ធ្នូ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត