ក្រុងព្រះសីហនុ៖ នៅថ្ងៃទី២៩ធ្នូនេះ មាននាវាទេសចរណ៍មួយឈ្មោះ DIAMOND PRINCESS សញ្ជាតិ BERMUDA ដែលមានភ្ញៀវទេសចរចំនួន២៨៥០ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ។ នេះបើយោងតាមការឱ្យដឹងពីខាង កំពង់ផែស្វយ័តក្រុងព្រះសីហនុ...។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានគូសបញ្ជាក់ថា នាវាទេសចរណ៍ DIAMOND PRINCESS មានប្រវែងបណ្តោយ២៨៨ម៉ែត្រ ប្រវែងទទឹង៣៧ម៉ែត្រ ជម្រៅ៨,៥០ម៉ែត្រ បានចូលចតដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន១០៥៩នាក់ មាន៥៩សញ្ជាតិ។ ដោយទ្បែក មានភ្ញៀវទេសចរសរុបចំនួន២៨៥០នាក់ ស្រី១៥៦៦នាក់ មាន៥២សញ្ជាតិ។ ក្នុងនោះ ភ្ញៀវសញ្ជាតិសហរដ្ឋអាម៉េរិក និងអូស្ត្រាលី គឺមានចំនួនច្រើនជាងគេ។

សូមជម្រាបថា ក្នុងខែធ្នូនេះ មិនមែនជាលើកទីមួយទ្បើយ ដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបាននាវាទេសចរណ៍ចូលមកកំពង់ផែ ជាក់ស្តែងកាលពីថ្ងៃទី១៥ធ្នូ កន្លងទៅ មាននាវាទេសចរណ៍ឈ្មោះ WESTERDAM បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។ នាវានេះបានដឹកភ្ញៀវទេសចរណ៍សរុប ចំនួន១៨៧៧នាក់ ចូលមកទស្សនាប្រទេសកម្ពុជាមួយថ្ងៃពេញ៕

