ក្រសួងបរិស្ថាន ណែនាំវិធានការការពារដល់មន្រ្តីពាក់ព័ន្ធ និងពលរដ្ឋទប់ស្កាត់ភ្លើងឆេះព្រៃ
S
Soriya Sou
28 ធ្នូ 2025 09:00 AM

រាជធានីភ្នំពេញ៖ ឆ្លើយតបនឹងអាកាសធាតុនៅរដូវប្រាំង មានសភាពក្ដៅហួតហែង ក្រសួងបរិស្ថាន បានណែនាំឱ្យមន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការការពារ ដើម្បីទប់ស្កាត់កុំឱ្យកើតមានករណីភ្លើងឆេះព្រៃ...។

តាមរយៈលិខិតត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៨ធ្នូនេះ ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រៅពីបាតុភូតធម្មជាតិហើយ សកម្មភាពរបស់មនុស្សផ្ទាល់ រួមមាន៖ ការកាប់ឆ្ការ ដុតរានព្រៃ ដើម្បីដាំដំណាំកសិកម្មផ្សេងៗ, ការធ្វើកសិកម្មពនេចរ, ការទន្ទ្រានដីព្រៃដើម្បីតាំងលំនៅឋានខុសច្បាប់, ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់, ការដុតព្រៃដើម្បីចាប់សត្វ, ការបន្សល់ដើមភ្លើងនៅក្នុងព្រៃដោយការធ្វេសប្រហែសរបស់មនុស្ស សុទ្ធតែជាកត្តាចម្បងដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង។ ភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំ បានបង្កឱ្យមានបញ្ហាដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលអាចបង្កឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។ 

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន

ដើម្បីទប់ស្កាត់បញ្ហានេះ ក្រសួងបរិស្ថានបានណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថាន រួមទាំងសហគមន៍តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ អប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាសហគមន៍ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើង សម្រាប់ជាមធ្យោបាយដើម្បីចម្អិនអាហារ ការយកឃ្មុំ ការដុតស្មៅ-ព្រៃ ការដុតស្ទាក់ចាប់សត្វ និងការប្រមូលផល អនុផលព្រៃឈើក្នុងតំបន់ការពារធម្មជាតិ។ សូមចូលរួមទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីពង្រីកផ្ទៃដីដំណាំកសិកម្ម ឬក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាពល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាលរហូតដល់ភូមិកររបស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា នៅក្នុងឬជុំវិញសហគមន៍តំបន់ការពារធម្មជាតិ។

ក្រសួងបានបន្តណែនាំដល់ប្រជាពលរដ្ឋដែលចាំបាច់ត្រូវប្រើភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ឈើព្រៃ ត្រូវជូនដំណឹងដល់មន្ទីរបរិស្ថានរាជធានី-ខេត្តសាមី។ ត្រូវរៀបចំផ្លូវភ្លើងព្រៃ ដើម្បីការពារការឆេះរាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត និងចូលរួមចាត់វិធានការថែរក្សាទឹកទុកឱ្យបានល្អសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងករណីមានភ្លើងឆេះព្រៃជាយថាហេតុ។ ក្នុងករណីកើតមានភ្លើងឆេះព្រៃក្នុងតំបន់ការពារធម្មជាតិ អ្នកពាក់ព័ន្ធទាំងអស់ ត្រូវប្រញាប់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់តាមរយៈការប្រកាសអាសន្ន និងត្រូវប្រើកម្លាំងសរុបរួមដើម្បីរួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើងព្រៃឱ្យមានប្រសិទ្ធភាព។ អាជ្ញាធរត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាដាច់ខាត ចំពោះជនណាដែលបានកាប់រុករាន ដុតព្រៃ និងកាន់កាប់ដីព្រៃឈើក្នុងតំបន់ការពារធម្មជាតិ ដែលឆេះដោយអនាធិបតេយ្យ ផ្ទុយនឹងច្បាប់ និងបទបញ្ជានានារបស់រាជរដ្ឋាភិបាល។ 

សូមជម្រាបថា អនុលោមតាមក្រមបរិស្ថាន ជនណាធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពការតព្វកិច្ច បង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោកជាបទល្មើសធនធានធម្មជាតិ ថ្នាក់ទី១ក្នុងតំបន់ការពារធម្មជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ដល់១ឆ្នាំ និង ពិន័យជាប្រាក់ពី១០លានរៀល ដល់១០០លានរៀល។ ដោយឡែក បុគ្គលណាដែលបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោកដោយចេតនា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ក្នុងតំបន់ការពារធម្មជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត