
រដ្ឋធានីអូតាវ៉ា៖ ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅប្រទេសកាណាដា បានបង្ខំឱ្យមនុស្សជាង២៦០០០នាក់ភៀសខ្លួន ខណៈផ្សែងអ័ព្ធក្រាស់បានប៉ះពាល់ដល់ប្រជាជនកាណាដា និងអាម៉េរិករាប់លាននាក់ ហើយបានសាយភាយទៅដល់ទ្វីបអឺរ៉ុបថែមទៀត...។

ការជូនដំណឹងត្រូវបានដាក់ចេញសម្រាប់ផ្នែកខ្លះនៃប្រទេសកាណាដា និងសហរដ្ឋអាម៉េរិក ដោយព្រមានអំពីគុណភាពខ្យល់ដែលមានគ្រោះថ្នាក់។ យន្តហោះរបស់ក្រុមពន្លត់អគ្គិភ័យមួយគ្រឿង ត្រូវបានឆាបឆេះដោយអណ្តាតភ្លើងនៅក្នុងខេត្តសាស្កាត់ឆេវ៉ាន់ (Saskatchewan) ហើយផលិតកម្មប្រេងត្រូវបានរំខាននៅក្នុងទីក្រុងអាល់បើតា Alberta ។ ក្រុមមន្ត្រីព្រមានថា អណ្តាតភ្លើងនឹងកាន់តែសន្ធោសន្ធៅបន្ថែមទៀតនៅថ្ងៃខាងមុខ ខណៈសហគមន៍កាន់តែច្រើនត្រូវបានគំរាមកំហែងជារៀងរាល់ថ្ងៃ។ លោក ស្កុត ម៉ូ (Scott Moe) អភិបាលខេត្តសាស្កាត់ឆេវ៉ាន់ បានលើកឡើងថា រៀងរាល់រដូវក្ដៅ ប្រទេសកាណាដា ជួបភ្លើងឆេះព្រៃ ប៉ុន្តែការចាប់ផ្តើមដំបូងនៃរដូវកាលភ្លើងឆេះព្រៃនៅឆ្នាំនេះ និងទំហំនៃការឆាបឆេះ បានកើនឡើងក្នុងកម្រិតគួរឱ្យព្រួយបារម្ភ។

ខេត្តសាស្កាត់ឆេវ៉ាន់ និងមេនីតូបា (Manitoba) ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយបានប្រកាសអាសន្នភ្លើងឆេះព្រៃក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗ។ រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ លោកស្រី អេឡេន័រ អូលហ្សីវស្គី (Eleanor Olszewski) បានលើកឡើងថា រដូវភ្លើងឆេះព្រៃនេះ ចាប់ផ្តើមលឿនជាងមុន និងកាន់តែខ្លាំងក្លាឡើង ដោយបន្ថែមថា យោធាកាណាដាបានដាក់ពង្រាយយន្តហោះដើម្បីជម្លៀសប្រជាជនពីទីក្រុងដាច់ស្រយាល។ បម្រែបម្រួលអាកាសធាតុ បានបង្កើនឥទ្ធិពលនៃព្រឹត្តិការណ៍អាកាសធាតុខ្លាំងនៅក្នុងប្រទេសកាណាដា ដែលកំពុងងើបឡើងវិញពីផលប៉ះពាល់នៃរដូវក្ដៅឆ្នាំ២០២៣ នៅពេលដែលព្រៃឈើ១៥លានហិកតា ត្រូវបានដុតបំផ្លាញ។ គិតត្រឹមថ្ងៃទី៣មិថុនា អណ្តាតភ្លើងសកម្មចំនួន២០៨ បានឆាបឆេះនៅទូទាំងប្រទេសកាណាដា។ ប្រជាជនរងផលប៉ះពាល់ជាច្រើន គឺជាជនជាតិដើមភាគតិច ហើយសហគមន៍តូចៗត្រូវបានឆាបឆេះខ្ទេចគ្មានសល់៕




