ក្រសួងបរិស្ថាន រំឭក​ពលរដ្ឋជួយគ្នាបង្ការកុំឱ្យភ្លើងឆេះព្រៃ
S
Soriya Sou
30 មីនា 2025 04:00 AM

រាជធានីភ្នំពេញ៖ ដោយមើលឃើញឧបទ្ទវហេតុគ្រោះមហន្តរាយកើតឡើងផ្ទួនៗនៅប្រទេសក្បែរខាង បូករួមទាំងភ្លើងឆេះព្រៃ នៅក្នុងខេត្តឡាំបាង ភាគខាងជើងនៃប្រទេសថៃតាំងពីយប់ថ្ងៃទី២៨មីនា ​ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានចេញមករំឭក​ដល់សាធារណជន សូមចូលរួមទប់ស្កាត់ និងបង្ការកុំឱ្យមានភ្លើងឆេះព្រៃនៅកម្ពុជា...។

ថ្លែងនៅថ្ងៃទី២៩មីនា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ភ្លើងឆេះព្រៃមិនត្រឹមតែធ្វើ់ឱ្យគុណភាពខ្យល់មានការធ្លាក់ចុះទេ តែវាធ្វើឱ្យមានការបាត់បង់ជីវៈចម្រុះ ព្រៃឈើ សត្វព្រៃ ជាពិសេសខូចខាតប្រព័ន្ធអេកូឡូស៊ីផងដែរ។ លោក ខ្វៃ អាទិត្យា បន្តថា ករណីឆេះព្រៃជាបញ្ហាចម្បង ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការការ និងត្រូវការការចូលរួមពីភាគីពាព័ន្ធទាំងអស់, អាជ្ញាធរថ្នាក់ក្រោមជាតិ, សមត្ថកិច្ចគ្រប់ផ្នែក, ដៃគូសហការជាតិ-អន្តរជាតិ, សហគមន៍ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងតំបន់និងក្បែរតំបន់ព្រៃឈើ។ លោកស្នើឱ្យចុះទៅធ្វើអន្តរាគមន៍ភ្លាមៗ ក្នុងករណីមានភ្លើងឆេះ ដើម្បីកុំឱ្យរីករាលដាលរហូតបង្កជាគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋតាមរយៈចំហេះ និងការកើនឡើងកំហាប់ភាគល្អិតនិចល សារធាតុពុលក្នុងផ្សែង ធ្វើឱ្យប៉ះពាល់ទៅដល់គុណភាពខ្យល់ ធ្វើឱ្យបាត់បង់ជីវៈចម្រុះ និងខូចខាតប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ជាដើម។

សូមជម្រាបថា កន្លងមក ដើម្បីទប់ស្កាត់កុំឱ្យមានភ្លើងឆេះព្រៃ ក្រសួងបរិស្ថានបានសហការជាមួយអាជ្ញាធរខេត្ត ដែលមានតំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងចុះអប់រំប្រជាពលរដ្ឋឱ្យមានយកចិត្តទុកដាក់ ចូលរួមក្នុងការទប់ស្កាត់ការដុតសំរាម ប្លាស្ទិក សម្ភារៈកសិកម្ម ការដុតគល់ជញ្ជ្រាំង ការដុតស្មៅ ឬដុតចំការជាដើម ជាពិសេសការអនុវត្តសារាចរស្តីអំពីការទប់ស្កាត់នឹងការបំពុលខ្យល់សាធារណៈ។ លោក ខ្វៃ អាទិត្យា លើកឡើងថា ព្រៃឈើគឺជាសម្បតិ្តធម្មជាតិដែលត្រូវតែការពារឱ្យបាន ដូច្នេះប្រសិនជាមានករណីភ្លើងឆេះ យើងត្រូវតែការពារនិងទប់ស្កាត់ ព្រោះការពារសុវត្ថិភាពព្រៃឈើ ដូចជាការពារសុវត្ថិភាពសត្វព្រៃ ជីវៈចម្រុះ មានន័យថាយើងការពារជីវិតរបស់យើង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត