ភ្លើងឆេះព្រៃដ៏កាចសាហាវនៅកាណាដា បង្ខំមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនទាំងព្រលឹងចុងសក់
ហៀប ស៊ីថេត
29 ឧសភា 2025 03:00 AM

រដ្ឋធានីតូរ៉ូនតូ៖ ខេត្តម៉ានីតូបា (Manitoba) បានប្រកាសពីគ្រាអាសន្ន និងបានជំរុញមនុស្សរាប់ពាន់នាក់នៅភាគខាងជើង និងភាគខាងកើតនៃខេត្តនេះឱ្យភៀសខ្លួនចេញកាលពីថ្ងៃពុធទី២៨ឧសភា ខណៈភ្លើងឆេះព្រៃបានរីករាលដាលនៅភាគកណ្តាល និងភាគខាងលិចប្រទេសកាណាដា...។

អភិបាលខេត្តម៉ានីតូបា លោក វ៉ាប់ គីនូ (Wab Kinew) បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានថា មនុស្ស១៧០០០នាក់ត្រូវបានជម្លៀសយ៉ាងលឿន ខណៈមនុស្សជាច្រើនត្រូវដាក់នៅទីលានបាល់ទាត់ និងមជ្ឈមណ្ឌលសហគមន៍ក្នុងទីក្រុងវីននីផេក (Winnipeg) និងទីក្រុងផ្សេងៗទៀត ហើយកងកម្លាំងប្រដាប់អាវុធសហព័ន្ធបានព្យាយាមជួយដឹកជញ្ជូនជនភៀសខ្លួន ដែលកំពុងគេចចេញពីភ្លើងមច្ចុរាជ។ លើសពីនេះ លោក គីនូ បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«នេះគឺជាការជម្លៀសដ៏ធំបំផុតនៅក្នុងការចងចាំ ហើយហេតុការណ៍នេះនឹងតម្រូវឱ្យមានធនធាន និងកិច្ចសហប្រតិបត្តិការសំខាន់ៗពីគ្រប់កម្រិតនៃរដ្ឋាភិបាល»។

ដោយឡែក ភ្លើងឆេះព្រៃនៅក្នុងខេត្តអាល់ប៊ឺតា​ (Alberta) បានជំរុញឱ្យបិទជាបណ្តោះអាសន្ននូវការផលិតប្រេង និងឧស្ម័នមួយចំនួន ហើយបានបង្ខំឱ្យអ្នកស្រុកក្នុងទីក្រុងតូចមួយជម្លៀសចេញ។ តំបន់នោះ ត្រូវបានរងផលប៉ះពាល់កាលពីថ្ងៃពុធទី២៨ ខែឧសភា ដោយភ្លើងឆេះព្រៃបានលេបត្របាក់លើផ្ទៃដី២៩០០ហិកតា។ មន្ត្រីរដ្ឋាភិបាលខេត្តអាល់ប៊ឺតា បានអះអាងកាលពីថ្ងៃពុធដដែលថា បច្ចុប្បន្ន មិនមានការគំរាមកំហែង ឬប៉ះពាល់ដល់បឹង Chipewyan នោះទេ។

ក្រៅពីនេះ ភ្លើងដ៏សាហាវមួយផ្សេងទៀតឆាបឆេះលើផ្ទៃដីទំហំជិត១៦០០ហិកតានៅភាគខាងជើងនៃទីក្រុង Swan Hills ផងដែរ។ អ្នកស្រុកប្រហែល១២០០នាក់នៅតំបន់ទីក្រុងនោះ ត្រូវបានបញ្ជាឱ្យជម្លៀសចេញភ្លាមៗ ខណៈក្រុមហ៊ុនផលិតប្រេង នៅក្នុងតំបន់នោះ Aspenleaf Energy បានបញ្ឈប់ប្រតិបត្តិការជាបណ្តោះអាសន្ន ដើម្បីរក្សាការប្រុងប្រយ័ត្ន ក្នុងបុព្វហេតុធានាបាននូវសុវត្ថិភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត