វៀតណាមស្វាគមន៍បទឈប់បាញ់កម្ពុជា-ថៃ និងត្រៀមខ្លួនគាំទ្រសន្តិសុខតំបន់
N
Nary Vann
28 ធ្នូ 2025 05:00 AM

រដ្ឋធានីហាណូយ៖ រដ្ឋាភិបាលវៀតណាម បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃ ដែលបានសម្រេចនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងការបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហ័ង Pham Thu Hang បានបញ្ជាក់កាលពីថ្ងៃទី២៧ធ្នូថា វៀតណាមជឿជាក់ថា ភាគីទាំងពីរនឹងអនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាព ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ប្រទេសទាំងពីរ និងតំបន់ទាំងមូល។ វៀតណាម បានជំរុញឱ្យកម្ពុជា និងថៃ បន្តការចរចាដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។

លោកស្រី Pham Thu Hang
លោកស្រី Pham Thu Hang

រដ្ឋាភិបាលវៀតណាម ក៏បានត្រៀមខ្លួនផងដែរក្នុងការចូលរួមជាមួយកិច្ចប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីជួយដោះស្រាយការខ្វែងគំនិតគ្នា រួមទាំងការបង្កើនប្រសិទ្ធភាពនៃក្រុមសង្កេតការណ៍អាស៊ាន (AOT)។ ការចេញមុខគាំទ្រពីសំណាក់វៀតណាមនេះ បង្ហាញពីកង្វល់រួមរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលចង់ឃើញសន្តិភាពត្រឡប់មកវិញ ដើម្បីធានាបាននូវស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត