
រាជធានីភ្នំពេញ៖ គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ «ដីឥដ្ឋ-ថ្មគរ» សម្រេចបាន៣៦ភាគរយហើយ។ នេះបើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន...។

លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ «ដីឥដ្ឋ-ថ្មគរ» បានឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប៣៧០០ម៉ែត្រ ដែលក្នុងនោះ តួស្ពានមានប្រវែងសរុប១៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ (៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង២១០០ម៉ែត្រ ទទឹងផ្លូវ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ។ ស្ពាននេះ នឹងត្រូវប្រើរយៈពេលសាងសង់ ចំនួន៤៨ខែ ដោយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ «ដីឥដ្ឋ-ថ្មគរ» គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនៅកម្ពុជា ដែលភ្ជាប់ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និង ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ស្ពាននេះនឹងជួយកាត់បន្ថយពេលវេលា និងថ្លៃដើមនៃការធ្វើដំណើរបើប្រៀបធៀបនឹងការប្រើសាឡាង។ វាក៏នឹងជួយជំរុញការតភ្ជាប់សេដ្ឋកិច្ច និងសមាហរណកម្មក្នុងតំបន់ ជាពិសេស ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលភ្ជាប់ទៅព្រំដែនកម្ពុជា-វៀតណាម៕






