
រាជធានីភ្នំពេញ៖ ក្រោយបើកការដ្ឋានសាងសង់កាលពីពាក់កណ្ដាលឆ្នាំ២០២៣ គិតមកទល់ពេលនេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ «ដីឥដ្ឋ-ថ្មគរ» ប្រវែងសរុបជិត៤ពាន់ម៉ែត្រ សាងសង់បានជិត១០ភាគរយហើយ...។

គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងនៅត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ស្ពាននេះ ជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូនពីភាគខាងត្បូង និងខាងកើតរាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ តាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ «ដីឥដ្ឋ-ថ្មគរ» សម្រេចបាន៨,៤០ភាគរយ ខណៈបច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងមមាញឹកក្នុងសាងសង់ស្ពានដែកបណ្តោះអាសន្ន នៅផ្នែកខាងលិចបានប្រវែង២៧១ម៉ែត្រ ស្មើនឹង៧០ភាគរយនៃប្រវែងសរុប៥៣៣ម៉ែត្រ និងផ្នែកខាងកើតកំពុងរៀបចំដំណើរការសាងសង់ស្ពានដែកបណ្តោះអាសន្ន ប្រវែង៥៥៤ម៉ែត្រ ដើម្បីបំពាក់សម្ភារគ្រឿងចក្រខួងសរសរគ្រឹះនាពេលដ៏ខ្លីខាងមុខ។

យ៉ាងណា ស្របពេលការងារនៅការដ្ឋានកាន់តែមមាញឹក ក្រសួងសាធារណការ បានស្នើដល់ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ដែលធ្វើដំណើរតាមដងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ សូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ។ សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ «ដីឥដ្ឋ-ថ្មគរ» ជាប្រភេទស្ពានបេតុង មានប្រវែង និងផ្លូវក្បាលស្ពានសរុប៣៧០០ម៉ែត្រ។ ក្នុងនោះតួស្ពានមានប្រវែងសរុប១៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ(៤គន្លងផ្លូវ) ចំណែកផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង២១០០ម៉ែត្រ ទទឹងផ្លូវ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ។

ស្ពាននេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧មិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយ្រដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ហើយបានដាក់ពេលវេលាសាងសង់រយៈពេល៤៨ខែ ដោយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨៕




