
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់របស់វាផងនោះ ពេលនេះសម្រេចបានជាង ៥០%ហើយ។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីនៅលើហ្វេសប៊ុកផ្លូវការ។

សម្តេចធិបតីបញ្ជាក់ថា គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» មានហេដ្ឋារចនាសម្ព័ន្ធដូចជា ទី១ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ។ ទី២ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤១,៨១%ហើយ។ ដោយឡែក «ស្ពានឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ» សម្រេចបាន ៥៥,៨៣% ហើយ គ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦។

គួររំឭកថា ស្ពានឆ្លងទន្លេមេគង្គស្ថិតក្នុងខេត្តក្រចេះនិងផ្លូវតភ្ជាប់ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់នេះមានប្រវែងសរុបប្រមាណ ៣៣,៤៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដែលនឹងត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងមានផ្លូវតភ្ជាប់ទៅក្រុងក្រចេះមានប្រវែងប្រមាណ ៣១,៦៩គីឡូម៉ែត្រ។ គម្រោងនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់ សៀងហៃ ដែលគ្រោងនឹងចំណាយពេលវេលាប្រមាណ ៤២ខែ ដើម្បីបញ្ចប់ការសាងសង់ឱ្យរួចរាល់។ ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ ជាផ្នែកមួយនៃផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ លេខ៧ លេខ៧១ និងលេខ៧៣ ដែលបន្ទាប់ពីសាងសង់រួចនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទបានកាន់តែលឿនទៅកាន់ទីផ្សារ។ គម្រោងមួយនេះ មានខ្ទង់ចំណាយប្រមាណជិត ១១២លានដុល្លារ៕






