យោធាថៃឈ្លានពាន បញ្ចេញយន្តហោះចម្បាំងថ្មីប្រភេទ T-50TH ទម្លាក់គ្រាប់បែកលើខេត្តចំនួន៣
S
Sreyleak Yith
•
24 ធ្នូ 2025 03:59 PM

អន្តរខេត្ត៖ យោធាថៃឈ្លានពាន នៅថ្ងៃ២៤ធ្នូ ឆ្នាំ២០២៥ បានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50TH ទម្លាក់គ្រាប់នៅលើខេត្តបាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ។ នេះបើតាមការឱ្យដឹងពីក្រសួងការពារជាតិ...។

T-50TH
T-50TH

ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា នៅម៉ោង១០:០០នាទីថ្ងៃទី២៤ធ្នូ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50TH ទម្លាក់គ្រាប់បែកចំនួន៤គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង និងនៅម៉ោង២:០២នាទីរសៀល ទម្លាក់គ្រាប់ចំនួន១គ្រាប់ទៀតចូលស្រុកបាណន់ដដែល។ រីឯនៅម៉ោង១១:០០នាទី យោធាថៃបានបន្តប្រើយន្តហោះចម្បាំង T-50TH ទម្លាក់ចំនួន៤គ្រាប់ទៀតចូលភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប។ យ៉ាងណាយន្តហោះចម្បាំង T-50TH របស់យោធាឈ្លានពានថៃនេះ មិនបញ្ឈប់ទ្បើយដោយចាប់ពីម៉ោង១២:១៥នាទី ដល់ម៉ោង១២:២៦នាទី ទៅទម្លាក់គ្រាប់បែកចង្កោម នៅភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

គួរដឹងថា មេទ័ពកម្ពុជា និងមេទ័ពថៃ នឹងមានកិច្ចពិភាក្សា GBC នៅល្ងាចថ្ងៃទី២៤ធ្នូ នៅខេត្តចន្ទបុរី ប្រទេសថៃ ដើម្បីជជែករកផ្លូវបន្ថយភាពតានតឹង។ សូមជម្រាបថា មុនប្រើយន្តហោះចម្បាំងប្រភេទ T-50TH ផលិតដោយប្រទេសកូរ៉េខាងត្បូង យោធាថៃបានប្រើយន្តហោះចម្បាំង F-16 ដែលផលិតដោយអាម៉េរិក និងយន្តហោះចម្បាំង Gripen ផលិតដោយស៊ុយអែត ឈ្លានពានកម្ពុជា បង្កឱ្យពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់ចំនួន២១ រងរបួសចំនួន៨៣ និងជនភៀសមានចំនួនជាង៦០ម៉ឺននាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត