
យោធាកូរ៉េខាងត្បូង បានលើកឡើងកាលពីថ្ងៃពុធ ទី៥ ខែមករានេះថា ប្រទេសកូរ៉េខាងត្បូងបានផ្អាកប្រតិបត្តិការរបស់កងអាកាសយានិកយន្តហោះចម្បាំងទំនើប F-35 របស់ខ្លួន ដោយរង់ចាំការស៊ើបអង្កេតមួយពាក់ព័ន្ធនឹងការចុះចតបន្ទាន់មួយ។
បន្ទាប់ពីឧបករណ៍សម្រាប់ចុះចតនៅលើយន្តហោះ F-35A របស់កូរ៉េខាងត្បូងមិនដំណើរការក្នុងអំឡុងខណៈប្រព័ន្ធសំខាន់ៗដំណើរការខុសប្រក្រតី។ អ្នកបើកយន្តហោះបានចុះចតយន្តហោះនៅលើផ្ទៃរាប ដោយមិនមានអ្នកណារងរបួស។
ឧបទ្ទវហេតុដ៏គួរឱ្យរន្ធត់មួយនេះបានកើតឡើងកាលពីថ្ងៃអង្គារនៅឯមូលដ្ឋានទ័ពអាកាសមួយនៅភាគខាងលិចនៃប្រទេសកូរ៉េ បានជំរុញឱ្យមានការស៊ើបអង្កេតក្នុងអំឡុងពេលដែលយន្តហោះ F-35 ត្រូវចុះចត។
អំឡុងពេលស៊ើបអង្កេត យន្តហោះ F-35 ត្រូវបានផ្អាកទាំងស្រុងពីការហោះហើរ។ បើតាមមន្រ្តីការពារជាតិកូរ៉េបានប្រាប់កសែត AFP។
កូរ៉េខាងត្បូង បានបញ្ជារទិញយន្តហោះ F-35A ចំនួន៤០គ្រឿង ពីក្រុមហ៊ុនអាមេរិក Lockheed Martin កាលពីឆ្នាំ២០១៤ ដោយទទួលបានយន្តហោះលើដំបូងក្នុងឆ្នាំ២០១៩។

បន្ថែមពីនេះ លោកស៊ីន អុកឈុល (Shin Ok-chul) អនុប្រធានសេនាធិការកងទ័ពអាកាសនៃសាធារណរដ្ឋកូរ៉េ បានបង្ហាញព័ត៌មានលម្អិតនៅក្នុងសវនាការសភាកាលពីថ្ងៃពុធ។
លោកបន្ថែមប្រាប់សមាជិកសភាថា យន្តហោះ F-35A កំពុងហោះហើរក្នុងរយៈកម្ពស់ទាប ខណៈពេលនោះអ្នកបើកយន្តហោះបានឮសំឡេងផ្ទុះ ដែលជំរុញឱ្យលោកពិនិត្យមើលប្រព័ន្ធយន្តហោះ។ ភ្លាមៗនោះ ប្រព័ន្ធទាំងអស់ឈប់ដំណើរការ ក្រៅអំពីតែប្រព័ន្ធគ្រប់គ្រង់ការហោះហើរនិងម៉ាស៊ីន។
ទន្ទឺមនឹងនេះ លោកស៊ីន បាននិយាយថា ពលទាហានបានបាញ់ថ្នាំហ្វូមពិសេសនៅលើផ្លូវរត់យន្តហោះឯមូលដ្ឋានទ័ពអាកាសដើម្បីការពារការផ្ទុះដោយសារការកកិតដែលបណ្តាលមកពីយន្តហោះប៉ះនឹងផ្ទៃក្នុងល្បឿនលឿន៕


