
ប្រភពពីកងទ័ពអាកាសថៃ (RTAF) បានឱ្យដឹងថា ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក បានបដិសេធមិនផ្លូវការ ចំពោះសំណើរបស់ប្រទេសថៃ ក្នុងការទិញយន្តហោះចម្បាំង F-35 ហើយបានស្នើលក់យន្តហោះចម្បាំង F-16 Block 70 និង F-15 E Strike Eagle ទៅឱ្យក្រុងបាងកកវិញ...។

ប្រភពបានឱ្យដឹងថា សាររបស់មន្ទីរបញ្ចកោណត្រូវបានបញ្ជូនដោយលោក រ៉ូបឺត អេហ្វ ហ្កដេកRobert F Gordec ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេសថៃ នៅពេលដែលលោកបានជួបពិភាក្សាជាមួយអគ្គមេបញ្ជាការកងទ័ពអាកាស លោក អាលុងកន វ៉ាន់ណារ័ត្ន (Alongkorn Wannarot) នៅទីស្នាក់ការកណ្តាល RTAF នៅអាកាសយានដ្ឋានដនមឿង (Don Muang) កាលពីពីរសប្តាហ៍មុន។ក្នុងអំលុងជំនួបនោះ ឯកអគ្គរដ្ឋទូតបានលើកឡើងថា ក្រសួងការបរទេសសហរដ្ឋអាម៉េរិកមានទស្សនៈថា កម្លាំងទ័ពអាកាសថៃ ប្រហែលជាមិនទាន់បានត្រៀមខ្លួនជាស្រេច ក្នុងលក្ខខណ្ឌនៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់យន្តហោះ F-35 ជាពិសេសសន្តិសុខមូលដ្ឋានអាកាស ទីលានយន្តហោះ ការជួសជុល អ្នកបើកយន្តហោះ និងបុគ្គលិកផ្សេងទៀត។ លោកបានបន្តថា វានឹងត្រូវការពេលវេលាច្រើន និងការបែងចែកថវិកាបន្ថែមទៀត មុននឹងទទួលបានយន្តហោះប្រភេទនេះ។

សហរដ្ឋអាម៉េរិកមិនបានច្រានចោលសំណើរបស់ប្រទេសថៃទាំងស្រុងចំពោះការទិញយន្តហោះ F-35 នោះទេ ប៉ុន្តែនឹងពិចារណាឡើងវិញនៅពេលដែល RTAF ត្រៀមខ្លួនរួចរាល់ ប្រហែលជាក្នុងរយៈពេលពីប្រាំទៅដប់ឆ្នាំខាងមុខ។ ប្រភពដដែលបានបន្តថា សហរដ្ឋអាម៉េរិកបានស្នើលក់យន្តហោះចម្បាំង F-16 Block 70 និង F-15 E Strike Eagle ទៅឱ្យប្រទេសថៃវិញ។ សហរដ្ឋអាម៉េរិកគ្រោងនឹងផ្តល់ការឆ្លើយតបជាផ្លូវការ ចំពោះសំណើទិញយន្តហោះ F-35 របស់ RTAF នៅខែកក្កដាខាងមុខនេះ។ បន្ថែមលើនោះ យោងតាមប្រភពដដែល RTAF នៅតែកំពុងពិចារណាលើការទិញយន្តហោះចម្បាំង Gripen ពីក្រុមហ៊ុន Saab AB របស់ប្រទេសស៊ុយអែត។ កងទ័ពអាកាសថៃ ធា្លប់បានទិញកងយន្តហោះចម្បាំង Gripen ចំនួន១២គ្រឿង ដែលមានមូលដ្ឋាននៅ Wing 7 ក្នុងខេត្តស៊ូរ៉ាត់ថានី (Surat Thani)។ កាលពីថ្ងៃទី១១ ខែមករា គណៈរដ្ឋមន្ត្រីបានអនុម័តផែនការរបស់ RTAF ក្នុងការទិញយន្តហោះចម្បាំងអាម៉េរិកចំនួន៤គ្រឿង ដែលចាប់ផ្តើមក្នុងឆ្នាំសារពើពន្ធបន្ទាប់ក្នុងខែតុលានេះ ជាមួយនឹងថវិកាចំនួន១៣,៨ពាន់លានបាត៕


