
រាជធានីបាងកក៖ នៅឯវិមានរដ្ឋាភិបាល នាថ្ងៃទី២៣ធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃ លោក អនុទីន ឆានវីរគុល បានខ្ជាក់សម្តីប្រាប់សមភាគីកូរ៉េខាងត្បូងទាំងបំភ្លៃ និងបំផ្លើសថា ថៃមិនដែលចាប់ផ្តើមសង្រ្គាមជាមួយប្រទេសណាមុនឡើយ។ ការនិយាយក្តែងៗពីសំណាក់លោក អនុទីន ផ្តោតជាពិសេសទាក់ទងនឹងបញ្ហាព្រំដែនជាមួយកម្ពុជា។ ក្នុងន័យនេះ លោក អនុទីន កំពុងនិយាយយកល្អតែខ្លួនឯង ហើយលាបពណ៌កម្ពុជា នៅមុខគេមុខឯង គ្មានសារជាតិជាមេដឹកនាំសូម្បីតែបន្តិច។

នៅព្រឹកថ្ងៃទី២៣ធ្នូ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីចាំផ្ទះ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក អនុទីន បានជួបពិភាក្សាការងារជាមួយ លោក ផាក យ៉ុងមីន (Park Yong-min) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំប្រទេសថៃ និងគណៈប្រតិភូ។ ក្នុងជំនួបនោះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានបរិច្ចាគទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារ ដើម្បីជួយដល់ការសង្គ្រោះទឹកជំនន់នៅខេត្តភាគខាងត្បូងនៃប្រទេសថៃ។

ឆ្លៀតក្នុងឱកាសជាមួយគ្នានោះ នាយករដ្ឋមន្ត្រីចាំផ្ទះថៃ បានលើកឡើងពីស្ថានការណ៍ដ៏តានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។ នៅពេលនោះ លោក អនុទីន បញ្ជាក់ទាំងងងើលថា៖«រាជរដ្ឋាភិបាលថៃ ប្តេជ្ញាដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើអង្គហេតុ និងការគោរពគ្នាទៅវិញទៅមក។ ប្រទេសថៃមិនដែល និងមិនធ្លាប់ ហើយនឹងមិនផ្តួចផ្តើមឱ្យមានការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងប្រទេសណាមួយឡើយ»។

គួរបញ្ជាក់ថា សម្តីក្លែងក្លាយរបស់លោក អនុទីន ទៅកាន់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង កំពុងតែបង្ហាញយ៉ាងប្រត្យក្សថា រដ្ឋអំណាចបាងកក កំពុងរំពងសំឡេងបំភ្លៃការពិតប្រាប់គេឯង ក្នុងបំណងបិទបាំងមហិច្ចតាឈ្លានពានរបស់ខ្លួន ទាំងដែលក្រុមយោធាកំពុងបន្តវាយប្រហារចូលជ្រៅក្នុងទឹកដីកម្ពុជា កម្ទេចសំណង់ប្រាសាទ ស្ពានថ្នល់ ផ្ទះសម្បែងប្រជាជន ។ល។ ទន្ទឹមនឹងប្រជាជនស៊ីវិលស្លូតត្រង់រាប់សិបនាក់ស្លាប់ ហើយរាប់សែននាក់រត់ភៀសខ្លួនសឹងតែមិនទាន់ ដោយសារតែកំហឹងនៃការឈ្លានពានរបស់ប្រទេសថៃមកលើដែនអធិបតេយ្យភាពកម្ពុជា កាន់តែសាហាវឃោរឃៅ៕



