
សុខភាព៖ មនុស្សមួយចំនួនគិតថា ពេលពិបាកចិត្តហើយមានជំងឺថប់បារម្ភ ជំងឺបាក់ទឹកចិត្ដ គឺផឹកស្រាដើម្បីឱ្យបានធូរស្រាល តែការគិតបែបនេះគឺខុសទាំងស្រុង នៅពេលដែលទទួលទានស្រាដែលមានជាតិអាកុលនោះផ្លូវចិត្តលោកអ្នកកាន់តែធ្ងន់ធ្ងរ ហើយផលអវិជ្ជមាននោះមានដូចខាងក្រោមនេះ…។

១.អាល់កុលជាមួយជំងឺបាក់ទឹកចិត្ដ៖ ការផឹកស្រាជាប្រចាំគឺអាចជាសញ្ញានៃជំងឺបាក់ទឹកចិត្ដ។ ជាតិស្រវឹងធ្វើឱ្យបញ្ឈប់ការផលិតអ័រម៉ូនសេរ៉ូតូនីន ជាអ័រម៉ូនជួយឱ្យអារម្មណ៍ល្អ។ មនុស្សបាក់ទឹកចិត្ដជាច្រើនជ្រើសយកស្រា ដើម្បីបំបាត់អារម្មណ៍តានតឹងរបស់ខ្លួនប៉ុន្តែមិនបានគិតដល់ថា ស្រាធ្វើឱ្យអ្នកផឹកបាក់ទឹកចិត្ដកាន់តែខ្លាំង។ ពេលផឹកស្រាកាន់តែច្រើននឹងបាក់ទឹកចិត្ដកាន់តែខ្លាំង។ មួយវិញទៀត ការផឹកស្រានឹងធ្វើឱ្យទំនាក់ទំនងរវាងខ្លួនឯងជាមួយអ្នកដទៃថយចុះ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការងារ និងធ្វើឱ្យជីវិតមើលទៅកាន់តែដុនដាបដោយសារធុញថប់តប់ប្រមល់ថែមមួយកម្រិតទៀត។

២.អាល់កុលជាមួយការធ្វើបាបខ្លួនឯង សម្លាប់ខ្លួន ក្លាយទៅជាវិកលចរិត៖ ដោយសារគ្រឿងស្រវឹងធ្វើឱ្យខួរក្បាលរបស់អ្នកផឹកធ្វើការមិនបានល្អ ដូចនេះអ្នកផឹកស្រាអាចនឹងធ្វើសកម្មភាពមិនសមរម្យ ឬធ្វើអ្វីមួយដែលខ្លួនមិនអាចធ្វើបានពេលមិនទាន់ស្រវឹង។ ការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលធ្វើបាបខ្លួនឯងគឺធ្វើសកម្មភាពទាំងនោះពេលខ្លួនកំពុងស្រវឹង។ ពេលមនុស្សម្នាក់ផឹកខ្លាំងមែនទែនអាចវិវិត្ដទៅជាកើតជំងឺវិកលចរិត។ ជំងឺនេះនៅតែអាចកើតឡើងលើមនុស្សផឹកស្រាច្រើនជាប្រចាំ ហើយផ្ដាច់ឈប់ផឹកភ្លាមៗ ក៏អាចមានបញ្ហាវង្វេងស្មារតី និងញ័រអវៈយវៈលេចចេញក្នុងពេលនោះបានដូចគ្នា។

៣.អាល់កុលជាមួយជំងឺថប់បារម្ភ៖ មនុស្សមួយចំនួនចង់ផឹកស្រាដើម្បីបំបាត់ភាពសោកសៅ និងស្ត្រេស ប៉ុន្តែផ្ទុយពីការគិតរបស់អ្នកទាំងនោះ ស្រាបែរជាធ្វើឱ្យអ្នកផឹកកាន់តែសោកសៅថែមទៀត ដោយសារស្រាមានពាក់ព័ន្ធជាមួយជំងឺបាក់ទឹកចិត្ដ និងថប់បារម្ភ។ ស្រាធ្វើឱ្យអ្នកផឹកគិតដល់រឿងភ័យខ្លាចណាមួយមានក្នុងការចងចាំ និងធ្វើឱ្យអ្នកផឹកចាប់ផ្ដើមព្រួយបារម្ភកាន់តែខ្លាំង៕



