ដូចចាក់ទឹកលើក្បាលទា! កម្ពុជាដាក់លិខិតតវ៉ាជាថ្មី ខណៈថៃរឹងទទឹងបន្តសង់ព្រះពុទ្ធបដិមាប្រមាថរូបព្រះវិស្ណុ ដាក់ទូកុងតឺន័រ និងធ្វើលេណដ្ឋានក្នុងដីកម្ពុជា
អុន សម្ផស្ស
21 មករា 2026 11:19 AM

រាជធានីភ្នំពេញ៖ ជាថ្មីម្ដងទៀត បន្ទាប់ពីបទឈប់បាញ់រវាងកម្ពុជា-ថៃ ចូលជាធរមានអស់រយៈ២៦ថ្ងៃ កម្ពុជាតាមរយៈក្រសួងការបរទេស​ នៅថ្ងៃទី២១មករា ឆ្នាំ២០២៦ បានចេញសេចក្ដីថ្លែងការណ៍ តវ៉ាប្រឆាំងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលកំពុងធ្វើក្នុងតំបន់ដែលកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជា…។

បើតាមក្រសួងការបរទេសកម្ពុជា សកម្មភាពដែលភាគីថៃបង្កឡើងនៅថ្ងៃទី១៩មករា ឆ្នាំ២០២៦ រួមមាន៖ តម្កល់រូបសំណាកព្រះពុទ្ធបដិមា នៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុ ដែលត្រូវបានបំផ្លាញដោយមន្ត្រីយោធាថៃ ក្នុងតំបន់អានសេះ ក្នុងខេត្តព្រះវិហារ, ដាក់រាយកុងតឺន័រដើម្បីរាំងផ្លូវ នៅតំបន់បឹងត្រកួន និងការសាងសង់លេណដ្ឋានដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ នៅតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ។ កម្ពុជា តវ៉ាប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃនេះ និងចាត់ទុកសកម្មភាពខាងលើថា បានប៉ះពាល់ធ្ងន់ធ្ងរដល់ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយថែមទាំងផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលបានឯកភាពគ្នារវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងន័យនេះ កម្ពុជាអំពាវនាវឱ្យប្រទេសថៃអនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់នូវប្រការទាំងអស់ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្ត និងការជឿជាក់ ព្រមទាំងស្តារសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញ។ ម្ដងហើយម្ដងទៀត កម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែនមិនត្រូវបានកែប្រែដោយប្រើកម្លាំងឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត