
រាជធានីបាងកក៖ នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានមកដល់ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២២ធ្នូស្អែកនេះ ភាគីថៃ បានបង្ហាញជំហររឹងត្អឹង ដោយប្រកាសថា ខ្លួននឹងមិនចុះញ៉មចំពោះសម្ពាធអន្តរជាតិ ឬទទួលយកស្ថានភាពដែលខាតបង់ណាមួយឡើយ...។

អ្នកនាំពាក្យរងក្រសួងការបរទេស លោកស្រី ម៉ារៈទី នៈលិតា អានដាម៉ូ (มาระตี นะลิตา อันดาโม) បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេស លោក សីហស័ក្តិ ភួងកេតកែវ នឹងដឹកនាំគណៈប្រតិភូទៅប្រទេសម៉ាឡេស៊ី សម្រាប់កិច្ចពិភាក្សា។ លោកស្រីនិយាយថា៖«ជំហររបស់ប្រទេសថៃនៅតែច្បាស់លាស់ នោះគឺស្វែងរកសន្តិភាព និងមិនបង្កការគំរាមកំហែង ឬរំលោភលើអធិបតេយ្យភាពរបស់ប្រជាជាតិដទៃ។ ប្រទេសថៃបានសម្ដែងការចង់បានសន្តិភាពយូរអង្វែង ហើយកម្ពុជាត្រូវតែបង្ហាញភាពស្មោះត្រង់ក្នុងប្រការនេះ»។ យ៉ាងណា ទន្ទឹមនឹងការបោះសម្តីចង់បានសន្តិភាព យោធាថៃបានបន្តយុទ្ធនាការវាយប្រហារតាមអាកាស ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 បាញ់ទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា បណ្ដាលឱ្យខូចខាតស្ពានអូរជីកនៅតាមបណ្តោយព្រំដែនខេត្តសៀមរាប និងឧត្តរមានជ័យ កាលពីយប់ថ្ងៃសុក្រ រួមទាំងបានកំណត់គោលដៅ លើតំបន់ជនស៊ីវិលរស់នៅមានដូចជា អគារពាណិជ្ជកម្មឯកជន និងសាលាបឋមសិក្សាមួយក្នុងស្រុកថ្មដា ខេត្តពោធិ៍សាត់ ក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា។

ស្របពេលជាមួយគ្នា បេសកជនពិសេសរបស់ប្រទេសចិន ទទួលបន្ទុកកិច្ចការអាស៊ី លោក តេង ស៊ីជុន (Deng Xi jun) បានចុះមកដល់ភ្នំពេញ ដើម្បីជួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយភាគីទាំងពីរ បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់នៃការឈប់បាញ់គ្នា និងការប្រកាន់យកការចរចាដោយសន្តិវិធី។ លោក តេង បានបញ្ជាក់ជាថ្មីថា ប្រទេសចិន នឹងបន្តដើរតួនាទីស្ថាបនាក្នុងការសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា និងថៃ ក្នុងគោលបំណងជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី។ យោងតាមក្រសួងមហាផ្ទៃកម្ពុជា គិតត្រឹមពេលនេះ មានបងប្អូនជនស៊ីវិលខ្មែរចំនួន ១៨នាក់បានបាត់បង់ជីវិត និង៧៩នាក់ផ្សេងទៀតរងរបួស ខណៈជនភៀសសឹកកើនដល់ជាងកន្លះលាននាក់ហើយ៕





