
រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កំពុងពិនិត្យលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១៣ ដែលបានដាក់សំណើសុំចុះបញ្ជីវិនិយោគក្នុងរាជធានី-ខេត្តចំនួន៦របស់ប្រទេសកម្ពុជា...។

គម្រោងវិនិយោគទាំង១៣ មានទុនសរុបប្រមាណ៣២៣លានដុល្លារអាម៉េរិក បានស្នើចុះបញ្ជីវិនិយោគនៅខេត្តកណ្តាល, តាកែវ, កំពង់ស្ពឺ, កំពង់ឆ្នាំង, បាត់ដំបង និងមណ្ឌលគិរី ដែលបង្កើតការងារឱ្យពលរដ្ឋបានប្រមាណ៧ពាន់កន្លែង។ នេះបើតាមការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោយកិច្ចប្រជុំកាលពីរសៀលថ្ងៃទី១៩ធ្នូ ឆ្នាំ២០២៥។ វិស័យឧស្សាហកម្ម នៅតែបន្តឈានមុខគេ ដោយដណ្ដើមបាន១២គម្រោង អ្នកវិនិយោគនឹងដាក់ទុនលើការផលិតគ្រឿងសម្អាង, ផ្គុំដំទ្បើងបរិក្ខារអគ្គិសនី, ផលិតក្រណាត់ ជ្រលក់ពណ៌ និងផលិតផលវាយនភ័ណ្ឌ, ផលិតសម្ភារផ្ទះបាយ, ផ្គុំដំទ្បើងរថយន្ត, ផលិតមីនិងគ្រឿងបន្សំសម្រាប់មី, ផលិតសម្ភារបោះជំរំ សម្ភារកីទ្បានិងគ្រឿងបន្ទាប់បន្សំ, ផលិតផើងផ្កានិងសម្ភារតុបតែងលម្អក្នុងសួនច្បារគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហាមរិម, ផលិតផលិតផលកម្ចាត់សត្វល្អិត។

ដោយឡែក ១គម្រោងទៀត ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ អ្នកវិនិយោគនឹងដាក់ទុនលើការអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់។ សូមជម្រាបថា កម្ពុជានឹងឈានទៅបំបែកកំណត់ត្រាសាជាថ្មីម្ដងទៀត ក្នុងការអនុម័តគម្រោងវិនិយោគឱ្យបានច្រើនជាង៦០០នៅក្នុងឆ្នាំ២០២៥នេះ។ តាមរបាយការណ៍របស់ CDC រយៈពេល១១ខែឆ្នាំនេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគ សរុបចំនួន៦០៩គម្រោង កើន៥៧ភាគរយ ក្នុងទំហំទុនវិនិយោគសរុប៩,៥ពាន់លានដុល្លារ៕





