
រាជធានីបាងកក៖ កងទ័ពជើងទឹកថៃ (RTN) បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ពីការបញ្ចប់ដោយជោគជ័យនៃប្រតិបត្តិការល្បាតនៅឈូងសមុទ្ទថៃ ក្បែរកោះគុត ក្នុងខេត្តត្រាច ដើម្បីការពារសន្តិសុខដែនសមុទ្ទខ្លួន។ យ៉ាងណាក៏ដោយ ការចេញមកបញ្ជាក់ពីការល្បាតក្បែរកោះគុតនេះ កើតឡើងភ្លាមៗ ក្រោយយោធាឈ្លានពានថៃ បានបាញ់ជាច្រើនគ្រាប់នៅក្នុងភូមិសាស្ត្រខេត្តកោះកុងរបស់កម្ពុជា។

លោក ប៉ារ៉ាច រតនជ័យភណ្ឌ (ปารัช รัตนไชยพันธ์) អ្នកនាំពាក្យកងទ័ពជើងទឹកថៃបានអះអាងទាំងរឡេមរឡឺមថា ប្រតិបត្តិការល្បាតនេះគឺជាផ្នែកមួយនៃបេសកកម្មដែលបានគ្រោងទុកក្នុងគោលបំណងរក្សាសន្តិសុខជាតិ និងទប់ស្កាត់សកម្មភាពដែលអាចគំរាមកំហែងដល់សុវត្ថិភាពដែនសមុទ្ទរបស់ប្រទេសថៃ ហើយកងទ័ពជើងទឹកថៃបានអនុវត្តតាមការណែនាំ និងនីតិវិធីដ៏តឹងរឹងក្នុងអំឡុងពេលប្រតិបត្តិការ។ លោក ប៉ារ៉ាច បានសង្កត់ធ្ងន់ថា ៖«ស្ថានការណ៍ត្រូវបានដោះស្រាយ ហើយកំពុងស្ថិតក្រោមការគ្រប់គ្រង។ មិនមានផលប៉ះពាល់ដល់សាធារណជនទេ ហើយស្ថានការណ៍មិនកើនឡើងទេ។ អ្នកស្រុកអាចបន្តសកម្មភាពប្រចាំថ្ងៃរបស់ពួកគេដូចធម្មតា»។

តើការល្បាតរបស់យោធាជើងទឹកថៃនៅក្បែរកោះគុតក្នុងខេត្តត្រាច ជារឿងចៃដន្យឬយ៉ាងណា...? ទំនងជាមិនចៃដន្យដល់ម្លឹងទេ ពីព្រោះថា ការល្បាតនេះកើតឡើងស្របគ្នាជាមួយនាវាចម្បាំងថៃ ដែលបានបាញ់ផ្លោងចំនួន២០គ្រាប់មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ក្នុងខេត្តកោះកុងក្បែរនោះ ខណៈពលរដ្ឋស្លូតត្រង់កម្ពុជា បានសម្រុកជម្លៀសខ្លួនយ៉ាងតក់ប្រហល់ ដើម្បីគេចចេញពីការបាញ់ប្រហាររបស់ចោរឈ្លានពាន។ នេះសបញ្ជាក់ឱ្យឃើញថា ការល្បាតរបស់កងទ័ពជើងទឹកក្បែរកោះគុត ក្នុងខេត្តត្រាច ជាប់ច្រមុះខេត្តកោះកុងនេះ អាចមានផែនការទុច្ចរិតនៅពីក្រោយខ្នង ដើម្បីឈ្លានពានមកលើកម្ពុជា៕




