ខ្មោ.ច.ដ្រូ.នថៃធ្លាក់លើដីខ្មែរ ជាប្រភេទ Dominator XP ឬ DP-20 ?
ហៀប ស៊ីថេត
19 ធ្នូ 2025 05:00 AM

រាជធានីភ្នំពេញ៖ យប់ថ្ងៃទី១៨ធ្នូ ក្រោមមេឃកម្ពុជាលើទឹកដីក្រុងប៉ោយប៉ែត្រ មានដ្រូនរបស់បច្ចាមិត្ត [ចោរឈ្លានពាន] បានធ្លាក់ផ្ទុះឆេះ ក្លាយជាសំណល់អេតចាយមួយរំពេច។ យ៉ាងណា សាវតាខ្មោចដ្រូននោះ គេនៅតែមិនទាន់ដឹងច្បាស់នៅឡើយទេថា ជាប្រភេទអ្វីឱ្យប្រាកដ។ ភាគីកម្ពុជាលើកឡើងថា ជាប្រភេទ Dominator XP របស់អ៊ីស្រាអែលដែលថៃបានទិញ ចំណែកភាគីថៃ អះអាងថា ជាប្រភេទ UAV DP-20 (D-eyes 04) ជាផលិតផលក្នុងស្រុកដែលថៃបង្កើតឡើង...។

ផ្អើលពេញស្រុកខ្មែរ ធ្លាយទៅដល់ស្រុកថៃ ក្រោយមានដ្រូនរបស់ចោរឈ្លានពានមួយប្រភេទ បានធ្លាក់ឆេះនៅវេលាម៉ោងជាង៧យប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។ ដ្រូននោះ ត្រូវបានគេកំណត់បឋមថា ជាដ្រូនស៊ើបការរបស់យោធាថៃឈ្លានពាន។ យ៉ាងណា គ្មានប្រភពច្បាស់លាស់ណាមួយចេញមកបញ្ជាក់ទេថា តើដ្រូនស៊ើបការណ៍នេះ ធ្លាក់ដោយខ្លួនឯង ឬត្រូវវីរកងទ័ពកម្ពុជាបាញ់ទម្លាក់..? ទុករឿងនេះនៅមួយអន្លើសិន ទោះបីដ្រូននេះធ្លាក់ដោយខ្លួនឯង ឬត្រូវយោធិនកម្ពុជាបាញ់ទម្លាក់ វាមិនសូវចាំបាច់ទេ សំខាន់ឱ្យតែដ្រូនសត្រូវធ្លាក់ខូចខាត។

ប្រទេសថៃបានបញ្ជាទិញដ្រូន Dominator XP MALE ៣គ្រឿងក្នុងឆ្នាំ២០២២ ក្នុងតម្លៃ ២៧លានដុល្លារ។ (កងទ័ពភូមិន្ទថៃ)
ប្រទេសថៃបានបញ្ជាទិញដ្រូន Dominator XP MALE ៣គ្រឿងក្នុងឆ្នាំ២០២២ ក្នុងតម្លៃ ២៧លានដុល្លារ។ (កងទ័ពភូមិន្ទថៃ)

ភាពប្រទាញប្រទង់គ្នា អំពីការកំណត់សាវតាដ្រូនស៊ើបការណ៍នេះ នៅតែជាសញ្ញាសួរសម្រាប់ទាំងកម្ពុជា និងភាគីថៃ។ គេនៅចាំបានថា ភាគីកម្ពុជាបានកំណត់អត្តសញ្ញាណខ្មោចដ្រូននេះជាប្រភេទ Dominator XP ដែលថៃបានបញ្ជាទិញពីអ៊ីស្រាអែលក្នុងតម្លៃមួយគ្រឿងប្រមាណ៩លានដុល្លារអាម៉េរិក។ យ៉ាងណា គេហទំព័រហ្វេសប៊ុក «អាវុធយោធាថៃ» ដែលជាប្រភពនៃព័ត៌មានអ្នកជំនាញខាងសម្ភារយោធា បានចេញមុខប្រកែកថា៖«ផ្អែកលើការវិភាគនៃរូបភាពបំណែកយន្តហោះគ្មានមនុស្សបើក(UAV) បង្ហាញថា យន្តហោះនេះ គឺជាដ្រូនប្រភេទ UAV DP-20 (D-eyes 04) របស់កងទ័ពភូមិន្ទថៃ មិនមែនជាប្រភេទ Dominator XP ដូចការអះអាងនោះទេ»។

ដ្រូន DP-20 (D-eyes 04)
ដ្រូន DP-20 (D-eyes 04)

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលក្រុងប៉ោយប៉ែតបញ្ជាក់ថា ដ្រូនស៊ើបការណ៍ដែលធ្លាក់់នោះ មានប្រវែង៨ម៉ែត្រ។ ដូច្នេះបើតាមការបញ្ជាក់អាចសន្និដ្ឋានបានថា មានភាគរយខ្ពស់ជាប្រភេទដ្រូន Dominator XP របស់អ៊ីស្រាអែល ព្រោះថា ដ្រូននេះមានប្រវែង៨,៥៦ម៉ែត្រ និងជាយន្តហោះគ្មានមនុស្សបើករយៈកម្ពស់មធ្យម ប្រើសម្រាប់បេសកកម្មស៊ើបការណ៍ ការឃ្លាំមើល និងបេសកកម្មឈ្លបយកការណ៍។

ទន្ទឹមនឹងដ្រូន DP-20 (D-eyes 04) ជាផលិតផលក្នុងស្រុក សហការជាមួយក្រុមហ៊ុនចិន មានប្រវែងត្រឹមតែ៦,៥ម៉ែត្រប៉ុណ្ណោះ។ ដូច្នេះ យើងអាចសន្មតបានថា ដ្រូនស៊ើបការណ៍ដែលបានធ្លាក់ឆេះក្នុងដីកម្ពុជាទំនងជាប្រភេទ Dominator XP ដែលថៃបានបញ្ជាទិញពីអ៊ីស្រាអែលក្នុងតម្លៃ៣គ្រឿង២៧លានដុល្លារ កាលពីឆ្នាំ២០១៨

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត