ខេត្តត្រាច៖ រយៈពេលត្រឹមតែ៩ថ្ងៃនៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើកម្ពុជា បានធ្វើឱ្យខេត្តជាប់ព្រំដែនកម្ពុជាមួយនេះ ខាតបង់សេដ្ឋកិច្ចជាង១ពាន់លានបាត ឬស្មើ ៣២លានដុល្លារ ហើយការខាតបង់អាចនឹងកើនឡើងកាន់តែខ្លាំង ខណៈការបិទខ្ទប់ព្រំដែន បានរំខានដល់រំហូរពាណិជ្ជកម្ម និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍។ នេះបើតាមកាសែតថៃខាវសដ ចុះផ្សាយនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។

លោក សុទ្ធិលក្សណ៍ ឃុំគ្រងរ័ក្ស (สุทธิลักษณ์ คุ้มครองรักษ์) ប្រធានសហព័ន្ធឧស្សាហកម្មថៃខេត្តត្រាច បានអះអាងថា ការប៉ាន់ប្រមាណបឋមបង្ហាញអំពីការខាតបង់សេដ្ឋកិច្ចជិត៥០០លានបាត ឬស្មើ១៦លានដុល្លារ នេះបើគិតតែក្នុងវិស័យឧស្សាហកម្មតែមួយ។ ទន្ទឹមគ្នា លោកបានបន្ថែមថា ការខាតបង់ផ្នែកទេសចរណ៍ត្រូវបានគេប៉ាន់ប្រមាណថា មិនតិចជាង៣០០លានបាត ឬស្មើនឹង៩,៦លានដុល្លារនោះទេ ខណៈភ្ញៀវទេសចរបរទេសលុបចោលការធ្វើដំណើរ ចំពេលមានការព្រួយបារម្ភអំពីសុវត្ថិភាព។ លោក សុទ្ធិលក្សណ៍ បានលើកឡើងបន្ថែមថា ការកាន់កាប់សណ្ឋាគារនៅលើកោះឆាង និងកោះគុត បានធ្លាក់ចុះប្រហែល២០ភាគរយ ទន្ទឹមនឹងភ្ញៀវទេសចរបរទេសកំពុងបាត់បង់ទំនុកចិត្ត ដោយពួកគេលុបចោលការកក់យ៉ាងគំហុក នាអំឡុងពេលចូលឆ្នាំថ្មីខាងមុខ។

សកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា ក៏បានជំរុញថ្លៃដឹកជញ្ជូនសម្រាប់ទំនិញ និងសេវាកម្មឈានដល់ទៅ១០០ភាគរយ ក្នុងអំឡុងពេលបម្រាមគោចរថ្មីៗ ខណៈអាជីវកម្មនៅតែមានការប្រុងប្រយ័ត្នខ្ពស់ ហើយអ្នកផលិតមួយចំនួនបានព្រមានអំពីការកើនឡើងតម្លៃ ប្រសិនបើអស្ថិរភាពព្រំដែននៅតែបន្ត។ ក្រៅពីនេះ តម្លៃពលកម្ម គឺជាកង្វល់ដ៏គួរឱ្យព្រួយបារម្ភមួយទៀត ជាពិសេសសម្រាប់និយោជកនៅក្នុងតំបន់ដែលត្រូវបានជម្លៀសចេញ ដូចជាស្រុកខ្លងយ៉ៃ មឿងត្រាច និងស្រុកបូរ៉ៃ។ ការខាតបង់ដោយសារការប្រយុទ្ធគ្នារយៈពេល៩ថ្ងៃ មិនរាប់បញ្ចូលផលប៉ះពាល់នៃការបិទព្រំដែនយូរអង្វែងលើពាណិជ្ជកម្មឆ្លងដែននោះទេ ដោយមានការព្រមានថា ការខូចខាតសេដ្ឋកិច្ចសរុបអាចឈានដល់រាប់សិបពាន់លានបាត។

ជាមួយគ្នា លោក ពិជ័យា ថៈឆៃឌីថារ៉ាប (พิชญา ธไชยดิธาราพ) ប្រធានសមាគមសណ្ឋាគារ និងរមណីយដ្ឋានត្រាច និងជាម្ចាស់សណ្ឋាគារឋានសួគ៌កោះគុត (Koh Kood Paradise) បានលើកឡើងថា ការប៉ះទង្គិចគ្នានេះ បានអង្រួនទំនុកចិត្តភ្ញៀវទេសចរបរទេសយ៉ាងខ្លាំង ខណៈការកក់បន្ទប់ជាច្រើនត្រូវបានលុបចោលរហូតដល់ដើមឆ្នាំ២០២៦ បណ្ដាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់ប្រតិបត្តិករ។ លោក ពិជ័យា បន្ថែមថា កោះឆាង និងកោះម៉ាក់ ទទួលរងផលប៉ះពាល់តិច ដោយសារមានចម្ងាយឆ្ងាយពីតំបន់ជម្លោះ។ គួរបញ្ជាក់ថា នេះមិនមែនគ្រាន់តែជាការខាតបង់សេដ្ឋកិច្ចក្នុងខេត្តត្រាចតែមួយប៉ុណ្ណោះទេ ប៉ុន្តែបណ្តាខេត្តជាប់ព្រំដែនជាប់ជាមួយប្រទេសកម្ពុជាច្រើនទៀត ក៏រងគ្រោះយ៉ាងធ្ងន់ធ្ងរផងដែរ ដោយសារតែការបិទច្រកព្រំដែន និងការបន្តឈ្លានពានយ៉ាងកំរោលពីសំណាក់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា៕

