
រដ្ឋធានីហាណូយ៖ ប្រទេសថៃ ដែលជាម្ចាស់ផ្ទះ Sea Game លើកទី៣៣ បានរងនូវការរិះគន់ជាបន្តបន្ទាប់ដូចភ្លៀងរលឹម ដោយសារតែរៀបចំកម្មវិធីអន់ៗ ធ្វេសប្រហែស អយុត្តិធម៌សម្រាប់កីឡាករ-កីឡាការិនី រួមទាំងការកាត់ក្ដីដោយលម្អៀងជាដើម។ ជាក់ស្តែង កម្មវិធីប្រដាល់គុនខ្មែរ ឬមួយថៃ ក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម អ្នកប្រដាល់របស់វៀតណាមឈ្មោះ ខាញ់ ម៉ៃ (Khánh Mai) បានប្រកួតយ៉ាងស្វិតស្វាញ និងវាយចេញបានចំគោលដៅ ធ្វើឱ្យអ្នកប្រដាល់ហ្វីលីពីន អាយស្លេ អ៊ីរីកា បូម៉ូហ្គៅ (Islay Erika Bomogao) ដួលដេកលើក្តារតាបពី។ យ៉ាងណា ជ័យជម្នះបែរជាបានទៅលើកីឡាការិនីហ្វីលីពីនទៅវិញ។ នេះបើតាមសារព័ត៌មាន VIETNAM.VN ចុះផ្សាយនាថ្ងៃទី១៧ធ្នូនេះ...។

ដោយសារការអាក់អន់ស្រពន់ចិត្ត ចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល គ្រូបង្វឹកកីឡាការិនីវៀតណាម លោក កូ ត័ន អាញ់ លីញ (Cổ Tấn Anh Linh) បានគប់ដបទឹកទៅលើសង្វៀន និងបានឱ្យកូនសិស្សរបស់ខ្លួនបោះបង់ការប្រកួតចោលនៅពាក់កណ្តាលទី។ ជ័យជម្នះ បានទៅលើកីឡាការិនីហ្វីលីពីន ត្រៀមឡើងទៅជួបកីឡាការិនីថៃ នៅវគ្គផ្តាច់ព្រ័ត្រ។ ទោះបីទទួលបានជ័យជម្នះ ប៉ុន្តែកីឡាការិនីហ្វីលីពីន បានធ្វើមុខស្លើរ ព្រោះមិនយល់សោះថា ហេតុអ្វីបានជារឿងនេះកើតឡើងនៅក្នុងការប្រកួតមួយនេះ។

យ៉ាងណា នេះមិនមែនជារឿងខកចិត្តលើកដំបូងរបស់អត្តពលិកវៀតណាមនោះទេ ព្រោះថា ក្រៅពីវិញ្ញាសាគុនខ្មែរនេះ ក៏មានកីឡាករប្រដាល់ MMA វៀតណាមម្នាក់ទៀតឈ្មោះ ផាម វ៉ាន់ណាម (Phạm Văn Nam) ក៏ធ្លាប់ស្រក់ទឹកភ្នែកក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រភេទទម្ងន់ក្រោម៥៦គីឡូក្រាមដែរ ដោយសារតែអាជ្ញាកណ្ដាលខ្វះភាពយុត្តិធម៌ក្នុងការកាត់ក្ដី ដោយឱ្យកីឡាករថៃជាម្ចាស់ផ្ទះទទួលបានជ័យជម្នះ ទាំងដែលកីឡាករវៀតណាមមានប្រៀបជាង។ ស្រដៀងគ្នាដែរ កីឡាករវៀតណាម វូ វ៉ាន់គៀន (Vũ Văn Kiên) ក៏ត្រូវចាញ់ដែរ បើទោះជានាំមុខអ្នកប្រដាល់ម្ចាស់ផ្ទះថៃ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ដោយ។

គួរបញ្ជាក់ថា នេះមិនមែនជារឿងថ្មីឡើយសម្រាប់វៀតណាម ដែលតែងតែខកចិត្តជុំវិញទង្វើ និងភាពជាម្ចាស់ផ្ទះរបស់ភាគីថៃ ព្រោះថា កន្លងទៅគេឃើញថា ថៃមិនបានចាក់ភ្លេងជាតិវៀតណាម កំលុងពេលនៃការប្រកួតបើកឆាករវាងក្រុមជម្រើជាតិU22 វៀតណាម និងឡាវឡើយ។ ក្រៅពីវៀតណាម ក៏មានប្រទេសផ្សេងទៀត ដូចជាម៉ាឡេស៊ី ជាដើម ហាក់បង្ហាញកាយវិការមិនពេញចិត្ត ចំពោះប្រទេសម្ចាស់ផ្ទះថៃដែរ ពោលគឺមិនត្រឹមតែរៀបចំកម្មវិធីអន់ទេ ប៉ុន្តែថែមទាំងកាត់សេចក្ដីលម្អៀងទៀត ជាពិសេស ក្រុមអ្នកគាំទ្រថៃមួយចំនួនបង្ហាញពីអាកប្បកិរិយាមិនល្អ និងច្រលើសបើស បង្ករឿងរញ៉េរញ៉ៃ ទន្ទឹមនឹងភាគីថៃ កំពុងបង្ហាញសន្តានឱ្យគេឯងស្គាល់កាន់តែច្បាស់៕





